ថ្នាំឆ្កួតទៀតហើយ!!! ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតថ្នាំញៀនបានចំនួន ២កញ្ចប់ធំ ទម្ងន់ស្មើនឹង ២.០៦៤ក្រាម

ខេត្តបន្ទាយមានជ័យ៖ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន បានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះដឹកនាំដោយ លោកវរសេនីយ៍ឯក ជាដាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យទទួលការងារគ្រឿងញៀន បានចុះឃាត់ខ្លួនជនសង្ស័យលួចលក់គ្រឿងញៀនជាទ្រង់ទ្រាយធំបានម្នាក់ ឈ្មោះ គឹម ហួត ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទីកន្លែងកំណើតរស់នៅភូមិសំរោង ឃុំតាពូង ស្រុកបាត់ដំបង ខេត្តបាត់ដំបង ។

បច្ចុប្បន្នរស់នៅភូមិដីក្រហម ឃុំអន្លង់លាបស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្នុងនោះកំលាំងអាវុធហត្ថដកហូតសម្ភារៈនិងភស្តុតាងបានមួយចំនួនមានគ្រឿងញៀនមេតំហ្វេតាមីនទឹកកកម្សៅក្រាមពណ៌សថ្លាចំនួន ២កញ្ចប់ធំ(ទម្ងន់ស្មើនឹង ២.០៦៤ក្រាម) រថយន្ត១គ្រឿងម៉ាកតូយ៉ូតាកូរ៉ូឡាពណ៌ប្រផេះខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2E-3600 ទូរស័ព្ទចំនួន ២ គ្រឿង និងរបស់ពាក់ព័ន្ធជាច្រើនទៀត។ កម្លាំងអាវុធហត្ថឃាត់ខ្លួនជនសង្ស័យបាននៅវេលាម៉ោង ១០ និង៣៥នាទី កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចភូមិចក្រី ឃុំជប់វ៉ារី ស្រុកប្រនេតព្រះ ខេត្តបន្ទាយមានជ័យ។ តាមការអះអាងរបស់លោក ជា តារា បានប្រាប់អ្នកយកព័ត៌មានដឹងថា មុននឹងបង្ក្រាបជនសង្ស័យបាននោះ កម្លាំងអាវុធហត្ថបានទទួលព័ត៌មានពីបណ្ដាញភ្នាក់ងារផ្ដល់ព័ត៌មានថា នៅចំណុចខាងលើមានជនសង្ស័យកំពុងរកស៊ីជួញដូរគ្រឿងញៀន ក្រោយពីទទួលព័ត៌មានហើយ កម្លាំងជំនាញការិយាល័យបទល្មើសគ្រឿងញៀន បានចុះធ្វើការស្រាវជ្រាវស៊ើបអង្កេតឈានដល់ឃាត់ខ្លួនបានជនសង្ស័យនៅចំណុចកើតហេតុខាងលើ ហើយបញ្ជូនមកស្នងការដ្ឋានអាវុធហត្ថខេត្តដើម្បីសួរនាំបន្ត។ លោក ជា ដារា បានបញ្ជាក់ឲ្យដឹងបន្តទៀតថា តាមចម្លើយសារភាពរបស់ជនសង្ស័យថា គ្រឿងញៀនទាំងអស់នេះ រូបគេសីុឈ្នួលកាន់ឲ្យគេយកទៅឲ្យអ្នកទិញបន្តចំនួន ២លើកមកហើយ ថ្លៃឈ្នួលយកទៅឲ្យគេ២លើកនោះបានប្រាក់ចំនួន ១ ៥០០ដុល្លារ។ ផ្អែកលើចម្លើយសារភាពនិងវត្ថុតាងខាងលើកម្លាំងអាវុធហត្ថបានធ្វើការសន្និដ្ឋានថា ជនសង្ស័យខាងលើពិតជាបានលួចជួញដូរគ្រឿងញៀនដោយខុសច្បាប់ពិតប្រាកដមែន។លុះនៅព្រឹក ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០នេះ នៅក្នុងទីបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក អ៊ុំ រាត្រីអភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកព្រះរាជអាជ្ញាខេត្តបានចុះមកធ្វើការពិនិត្យគ្រឿងញៀន ហើយបានធ្វើការសម្របសម្រួលបន្ទាប់មក បញ្ជូនជនសង្ស័យនិងថ្នាំញៀនអនុវត្តតាមវិធានការផ្លូវច្បាប់តែម្តង៕




