លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញចូលរួមអមដំណើរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីកាន់បិណ្ឌ វេនទី ៤ នៅវត្តលង្កាព្រះកុសុមារាម

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមអមដំណើរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ភរិយាដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកនូវគ្រឿងឧបភោគ-បរិភោគ ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យសម្រាប់វេនកាន់បិណ្ឌទី ៤ នៅវត្តលង្កាព្រះកុសុមារាម ដែលស្ថិតនៅសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យ ៤រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២០ ត្រូវនឹងវេនកាន់បិណ្ឌទី៤ ស្របពេលដែលប្រជាពលរដ្ឋជាពុទ្ធសាសនិកជនទូទាំងប្រទេសកម្ពុជា កំពុងចូលរួមសប្បាយ រីករាយប្រកបដោយសទ្ធាជ្រះថ្លា ក្នុងការនាំយកនូវទេយ្យទាន និងគ្រឿងឧបភោគ-បរិភោគ ទៅវេរប្រគេនព្រះសង្ឃនៅគ្រប់ទីអារាមទូទាំងប្រទេស ដើម្បីឧទ្ទិសកុសលផលបុណ្យដល់ដួងវិញ្ញាណក្ខន្ធជីដូនជីតា បុព្វការីជន ញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់បរលោក៕







