ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាននាំយកសម្ភារៈបរិក្ខារ គ្រឿងឧបភោគបរិភោគ និងថវិកាចែក ជូនមេបញ្ជាការ មេបញ្ជាការរង នាយទាហាន ពលទាហាននៃទីបញ្ជាការដ្ឋានអង្គរក្ស ស្ថិតក្នុងក្រុងតាខ្មៅ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ខេត្តកណ្តាល ៖ ថ្ងៃចន្ទ ៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញចុះជួបសំណេះសំណាលសួរសុខមេបញ្ជាការ មេបញ្ជាការរង នាយ ទាហាន ពលទាហាននៃទីបញ្ជាការដ្ឋានអង្គរក្ស ក្នុងឱកាសអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណី ជាតិខ្មែរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ គ្រឹស្តសករាជ ២០២០។

កម្មវិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស ព្រមទាំងមេបញ្ជាការ មេបញ្ជា ការរង នាយទាហាន នាយទាហានរង និងពលទាហាននៃទីបញ្ជាការដ្ឋានអង្គរក្ស ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល សរុបប្រមាណ ៣៥០០នាក់។

ថ្លែងទៅអង្គពិធីទាំងមូល ឯកឧត្ដមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីសារសំខាន់សុខសន្តិភាព និងស្ថេរភាពនយោបាយដ៏រឹងមាំ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា កម្ពុជារក្សាបានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំក្នុងរង្វង់ ៧% ដែល កំណើននេះជាកត្ដាជំរុញឱ្យមានកំណើនមធ្យោបាយដឹកជញ្ជូនកាន់តែច្រើន ប្រែក្លាយពីផ្លូវដីទៅផ្លូវកៅស៊ូ និងផ្លូវបេតុង មានទីផ្សារលក់ផលិតផល មានភ្ញៀវទេសចរណ៍ មានវិនិយោគិនបង្កើត ការងារធ្វើជូន ប្រជាជន និងប្រជាពលរដ្ឋអាចធ្វើដំណើរបានគ្រប់ទីកន្លែងប្រកបដោយសន្តិសុខ និងសុវត្ថិភាព។
លើសពីនេះទៀត ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននាំមកនូវសុខសន្តិភាព និងស្ថេរភាពនយោបាយពេញ លេញជូនជាតិមាតុភូមិ ព្រមទាំងបានអភិវឌ្ឍប្រទេសពីបាតដៃទទេរ រហូតដល់មានការអភិវឌ្ឍគ្រប់វិស័យ ពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទាំងផ្លូវគោក ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាស តួយ៉ាងផ្លូវ និងស្ពាន។

ជាមួយគ្នានោះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី បាននាំយកសម្ភារបរិក្ខារចាំបាច់ និងគ្រឿងឧបភោគបរិភោគ រួមមាន៖ ទឹកស៊ីអ៊ីវចំនួន ៥០០យួរ ទឹកត្រីចំនួន ៥០០យួរ ទឹកសុទ្ធកម្ពុជាចំនួន ១០០០កេស មីជាតិចំនួន ១០០០កេស ត្រីខចំនួន ១០០កេស អង្ករចំនួន ១០តោន និងថវិកាមួយចំនួនចែកជូនដល់បងប្អូនជា នាយទាហាន នាយទាហានរង ពលទាហាន និងបញ្ជាការដ្ឋាន ព្រមទាំងបានបួងសួងដល់បារមីវត្ថុស័ក្ដិសិទ្ធិក្នុងលោក តាមជួយបីបាច់ថែរក្សាឱ្យជួបតែសេចក្តីសុខចម្រើន ដើម្បីចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យកាន់តែមានការអភិវឌ្ឍថែមទៀត៕









