“ជុង មិនភ្លេចកុកមែន” ៨ឆ្នាំ ទំរាំតែចាប់បានឃាតករសម្លាប់ថៅកែអេតចាយនៅក្រុងបាត់ដំបង
ខេត្ពពោធិ៍សាត់៖ យោងតាមរបាយការណ៍ របស់កម្លាំងនគរបាល ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានឲ្យដឹងថា ជនសង្ស័យម្នាក់ ត្រូវបានចាប់ខ្លួនតាមដីកាបង្គាប់ លេខ២៥៦ ដបកខ ចុះថ្ងៃទី៧ ខែមិថុនា ឆ្នាំ ២០១៣ របស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបាត់ដំបង ពីបទឃាតកម្ម កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១២ តាមមាត្រាលេខ១៩៩ នៃច្បាប់ព្រហ្មទណ្ឌ ក្រោយពីជនសង្ស័យបានធ្វើសកម្មភាពឃាតកម្មរួច ក៏បានរត់មកសម្ងំលាក់ខ្លួន នៅក្នុងមូលដ្ឋានស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោកវរសេនីយ៍ឯក ធាង ឡេង អធិការនគរបាល ស្រុកវាលវែង បានប្រាប់ អ្នកសារព័ត៍មានដឹងនៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០នេះថា ជនសង្ស័យ ដែលសមត្ថកិច្ច ចាប់ខ្លួនបាន តាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបាត់ដំបង ឈ្មោះ ច្រាញ អឿម ភេទប្រុស អាយុ៣៥ ឆ្នាំ រស់នៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង ហើយបានមកសម្ងំលាក់ខ្លួន នៅភូមិឈើទាលជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ដោយប្តូរអត្តសញ្ញាណ ហើយត្រូវបានសមត្ថកិច្ច នគរបាលស្រុកវាលវែងស្រាវជ្រាវ ឈានដល់ការចាប់ខ្លួនបាន កាលពីវេលាម៉ោង៧,៣៨នាទីព្រឹក ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០នេះតែម្តង។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកវាលវែង រង់ចាំប្រគល់ឲ្យទៅ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង យកទៅចាត់ការបន្តតាមនីតិវិធី៕