រលត់រថយន្តលើស្ពាន រអិលថយក្រោយបុករថយន្ត៥គ្រឿងបន្តគ្នា
ខេត្តកណ្តាល៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅថ្ងៃអង្គារ៦រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៦និង៣០នាទីព្រឹកនៅ ចំណុចលើស្ពានព្រែកសំរោងត្រើយខាងលិច លើផ្លូវលេខ១១៥ ស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
បើយោងតាមសមត្ថកិច្ចនៅកន្លែងកើតហេតុឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌ខៀវ ពាក់ផ្លាកលេខ ក្រងព្រះសីហនុ 3A-2933 អ្នកបើករថយន្តមិនស្គាល់អត្តសញ្ញាណ(បានរត់គេចខ្លួនបាត់)បើកបរក្នុងទិសដៅពីលិច ទៅកើត(ដោយឡើងស្ពានព្រែកសំរោង) លុះដល់ចំណុចខាងលើស្ពាន ស្រាប់តែរថយន្តនេះបានខូច(មិនដំណើរការ) រួចក៏រអិលរថយន្តថយក្រោយ បណ្ដាលឲ្យបុករថយន្ត បន្តបន្ទាប់គ្នាចំនួន ៥គ្រឿងទៀត ប៉ុន្តែមិនបណ្តាលឲ្យរងគ្រោះដល់មនុស្សនោះទេ។
ការបុកបន្តនេះរួមមាន ១.រថយន្តម៉ាក LEXUS ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2L-1645 បើកបរដោយឈ្មោះ មាស សុភា ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ២.រថយន្តម៉ាក TACOMA ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2BA-9709 អ្នកបើករថយន្តមិនទាន់ស្គាល់អត្តសញ្ញាណ ៣.រថយន្តម៉ាក CAMRY ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ2P-7153 អ្នកបើករថយន្តមិនទាន់ស្គាល់អត្តសញ្ញាណ ៤.រថយន្តម៉ាក TACOMA ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ2M-7446 អ្នកបើករថយន្តមិនទាន់ស្គាល់អត្តសញ្ញាណ ៥.រថយន្តបង្ករម៉ាក FUSO ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ 3A-3903 អ្នកបើករថយន្តមិនទាន់ស្គាល់អត្តសញ្ញាណ។(រថយន្តទាំង៥គ្រឿង បើកបរក្នុងទិសដៅពីលិចទៅកើតឡើងស្ពានព្រែកសំរោងដូចគ្នា) ក្រោយកើតហេតុ ទើបសមត្ថកិច្ចជំនាញបានចុះដល់់ធ្វើការពិនិត្យឃើញថា ការខូតខាតរថយន្តធ្ងន់ ៥គ្រឿង ស្រាល ១គ្រឿង។
ចំពោះមធ្យោបាយដែលពាក់ព័ន្ធបានយកមករក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋានក្រុងតាខ្មៅដើម្បីចាត់ការតាមនិតិវិធី បើតាមការសន្តដ្ឋានរបស់សមត្ថកិច្ចមូលហេតុមកពីអ្នកបើករថយន្ត HYUNDAI ពាក់ផ្លាកលេខ ក្រ.ព្រះសីហនុ 3A-2933 មិនបានពីនិត្យលក្ខណៈបច្ចេកទេសរថយន្ត ទើបបណ្តាលឲ្យរថយន្តខូចលើស្ពានឡើងពុំរួច ទើបធ្វើឲករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង៕