ឧកញ៉ា សៀ ឫទ្ធី នឹងជួយទាំងធនធានមនុស្ស និងហិរញ្ញវត្ថុ ដល់សហគ្រិនដែលចូលក្នុង SME Cluster
ខេត្តកណ្តាល៖ នៅថ្ងៃពុធ ៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម មាន សុភា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបំពេញទស្សនកិច្ចចុះពិនិត្យទីតាំងដំបូងរបស់គម្រោងបណ្ដុំសហគ្រាសធុនតូចនិងមធ្យម ដែលអភិវឌ្ឍន៍ដោយ ក្រុមហ៊ុន Worldbridge Industrial Developments Co., Ltd.។
គម្រោងដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ ២១ ភូមិកោះគ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល នៅជាប់គម្រោងលំនៅឋានតម្លៃសមរម្យទីក្រុងរណបសិរីមង្គល ជិតគម្រោងអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញថ្មី និងនៅក្បែរផ្លូវក្រវ៉ាត់ក្រុងទី៣ គឺត្រូវបានចាត់ទុកថាជា គម្រោងបណ្ដុំសហគ្រាស ធុនតូច និងមធ្យម ដែលជាដំណោះស្រាយយុទ្ធសាស្រ្ត ប្រកបដោយនវានុវត្តន៍ សម្រាប់ការអភិវឌ្ឍន៍វិស័យ ឧស្សាហកម្ម និងសហគ្រាសធុនតូចនិងមធ្យមនៅក្នុងប្រទេសកម្ពុជា។
លោកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុនវើលដ៏ប្រ៊ីដ បានថ្លែងថា បណ្តុំសហគ្រាសធុនតូច និងមធ្យម (SME Cluster) នឹងជួយទាំងផ្នែកធនធានមនុស្ស និងធនធានហិរញ្ញវត្ថុ ដល់សហគ្រិនទាំងឡាយណា ដែលចូលទៅក្នុងតំបន់នេះ បើទោះបីជាស្ថានភាពនៃការកើតឡើងរបស់ជម្ងឺ Covid 19 និងការដកចេញដោយផ្នែក នូវប្រព័ន្ធអនុគ្រោះ EBA ពេលវេលាបច្ចុប្បន្ននេះ គឺសំខាន់ជាងពេលណាៗទាំងអស់ ដែលកម្ពុជាចាំបាច់ត្រូវតែបន្ថែមល្បឿន នៃការអនុវត្តន៍ យុទ្ធសាស្រ្តធ្វើពិពិធកម្មឧស្សាហកម្ម និង ការអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យម ដើម្បីអាចមានមូលដ្ឋាន សេដ្ឋកិច្ចពឹងអាស្រ័យលើខ្លួនឯង និងក៏ដើម្បីទ្រទ្រង់ការរីកចម្រើនសេដ្ឋកិច្ចរបស់ខ្លួនផងដែរ។ គម្រោងបណ្ដុំ សហគ្រាសធុនតូចនិងមធ្យម គឺត្រូវបានរៀបចំឡើងដោយឈរលើគោលការណ៍ខាងលើនេះ និងដើម្បីជាដំណោះ ស្រាយដ៏មានប្រសិទ្ធភាព ក្នុងការសម្រេចបាននូវគោលដៅខាងលើនេះ ព្រមទាំងគោលដៅនៃយុទ្ធសាស្រ្តចតុ កោណរបស់រាជរដ្ឋាភិបាល។ ប្រព័ន្ធគោលឧស្សាហកម្ម៤.០ ដ៏វិសេសរបស់គម្រោង នឹងលើកកម្ពស់សមត្ថភាពកម្មន្តសាល និង សមត្ថភាពការគិតរបស់កម្ពុជា ដែលនាំឲ្យយើងអាចបោះជំហានពីស្ថានភាពនៃប្រព័ន្ធគោល ឧស្សាហកម្ម២.០ នាពេលបច្ចុប្បន្ន ទៅកាន់ប្រព័ន្ធគោលឧស្សាហកម្ម៤.០ ជាសាកលសម្រាប់ពេលអនាគត។ ការបង្កើតឡើងឲ្យមានបរិយាកាសអំណោយផលបែបនេះ នោះប្រទេសកម្ពុជានឹងអាចបណ្តុះបណ្តាលបន្ថែម និងប្រើប្រាស់កម្លាំងពលកម្មវ័យក្មេងដ៏ច្រើន បានកាន់តែប្រសើរឡើង ក៏ដូចជាការធ្វើសមាហរនកម្មវិស័យបច្ចេកវិទ្យា ព័ត៌មានវិទ្យា និងទំនាក់ទំនង ប្រកបដោយទេព្យកោសល្យ និងលើកកម្ពស់ជំហាននៃសហគ្រិនភាពរបស់ខ្លួន ក្នុងការអភិវឌ្ឍន៍ ផលិតផលថ្មី តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាននិងទំនាក់ទំនង ធនធានកសិកម្ម និងធនធានធម្មជាតិរបស់ខ្លួន។
បណ្តុំសហគ្រាសធុនតូចនិងមធ្យមផ្អែកលើប្រព័ន្ធគោលឧស្សាហកម្ម i4.0 ដែលមានលក្ខណៈខុសប្លែកពី តំបន់ សេដ្ឋកិច្ចពិសេស ឬសួនឧស្សាហកម្ម ឬចង្កោមសហគ្រាសដែលមានសព្វថ្ងៃនេះ គឺជាដំណោះស្រាយប្រកបដោយ នវានុវត្តន៍ដែលគាំទ្រដល់គោលដៅអភិវឌ្ឍន៍ឧស្សាហកម្ម និងដើរតួជាយាន្តដែលអាចជួយឲ្យសម្រេចបានកាន់តែ ងាយស្រួលនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតការងារផ្អែកលើជំនាញ ការអភិវឌ្ឍន៍ សហគ្រាសធុនតូចនិងមធ្យម ការពង្រីកការកែឆ្នៃផលិតផលកសិកម្ម និងការធ្វើពិពិធកម្មឧស្សាហកម្ម អ្វីដែលសំខាន់ជាងគេនោះគឺថាបណ្តុំសហគ្រាសធុនតូចនិងមធ្យមនេះ នឹងនាំមកនូវអនាគតមួយថ្មីសម្រាប់ សហគ្រាស ធុនតូចនិងមធ្យម សហគ្រិន និងការវិនិយោគលើវិស័យបច្ចេកវិទ្យាព័ត៌មាននិងទំនាក់ទំនង ក៏ដូចជាការវិនិយោគ លើ វិស័យផលិតកម្មនៅក្នុងប្រទេសកម្ពុជា ដោយនាំវិស័យទាំងអស់នេះ ឲ្យចូលរួមក្នុងខ្សែរសង្វាក់ផលិតកម្មបានពេញលេញ និងប្រកបដោយការសហការនិងប្រកួតប្រជែង។
លោក Charles Esterhoy នាយកប្រតិបត្តិនៃក្រុមហ៊ុន Worldbridge Industrial Developments Co., Ltd ដែល គឺជាស្ថាបនិកនិងជាអ្នកបង្កើតគម្រោងនេះ បានយល់ច្បាស់ថាដំណោះស្រាយ ក្នុងការផ្សារភ្ជាប់គម្លាតរវាងអ្នក វិនិយោគផ្នែកផលិតកម្មអន្តរជាតិ និងសហគ្រាសធុនតូចនិងមធ្យមក្នុងប្រទេសរបស់យើងនោះគឺ ចាំបាច់ត្រូវតែ បង្កើតឡើងនិងដាក់ចេញនូវខ្សែចង្វាក់ផលិតកម្មពេញលេញមួយ ស្ថិតក្នុងប្រព័ន្ធបរិក្ខា សម្របសម្រួល សេវាកម្ម គាំទ្រដោយប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននិងទំនាក់ទំនង ដែលមានលក្ខណៈបត់បែននិងឆ្លើយតបខ្ពស់។ ដោយប្រើ ប្រាស់នូវបច្ចេកវិទ្យាឧស្សាហកម្ម ៤.០ និងបញ្ចូលនូវបច្ចេកទេសគ្រប់គ្រងបែបសកម្ម ខ្សែចង្វាក់ផលិតកម្ម និង ប្រព័ន្ធទាំងនេះ ត្រូវបានផ្សាភា្ជប់ជាមួយគ្នា ដើម្បីអាចផលិតបាននូវទិន្នផលដែលមានតម្លៃខ្ពស់ សម្រាប់ទីផ្សារ ក្នុងស្រុកនិងក្រៅប្រទេស។ ដំណើរការសាងសង់នៃបណ្ដុំសហគ្រាសធុនតូច និងមធ្យមទីមួយនេះនឹងចាប់ផ្ដើមឡើងនៅក្នុងខែតុលា ឆ្នាំ២០២០ ហើយគ្រោងនឹងចាប់ដំណើរការជាផ្លូវការនៅក្នុងខែមេសា ឆ្នាំ២០២១ខាងមុខ។
លោក ឧកញ្ញា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុនវើលដ៏ប្រ៊ីដ បានគូសបញ្ជាក់ថា គម្រោង បណ្តុំសហគ្រាសធុនតូចនិងមធ្យម និងគម្រោងលំនៅឋានតម្លៃសមរម្យដែលនៅជាប់គ្នានេះ នឹងផ្តល់ផល ប្រយោជន៍ ទាំងផ្នែកសង្គមនិងសេដ្ឋកិច្ចឲ្យគ្នាទៅវិញទៅមក ដែលវានឹងនាំមកនូវគុណតម្លៃ កាន់តែប្រសើរឡើង សម្រាប់សហគមន៍ និងប្រជាពលរដ្ឋដែលរស់ទីនេះ សហគ្រាសផលិតកម្មធុនតូច និង មធ្យម និងវិនិយោគិនក្នុង ទីតាំងគម្រោងនេះ។ ក្នុងន័យនេះ រាល់សម្ភារៈ និងគ្រឿងបរិក្ខារនានា ដែលផ្ដល់ជូនដោយគម្រោងទាំងពីរ នឹងបម្រើ និងបន្ថែមនូវអត្ថប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ហើយស្របពេលជាមួយគ្នានោះ វាក៏នឹងជួយពង្រីក នូវការ ប្រើប្រាស់ដីនិងលើកកម្ពស់សោភ័ណភាពស្ថាបត្យកម្មក្នុងតំបន់ទាំងមូល។ ជាឧទាហរណ៍ បណ្ដុំ សហគ្រាស ធនតូចនិងមធ្យម នឹង មិនត្រឹមតែបង្កើតនូវការងារ និងឱកាសអាជីវកម្មសម្រាប់ប្រជាពលរដ្ឋ ដែល រស់នៅក្នុងសហគមន៍នោះប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងដើរតួជាមជ្ឈមណ្ឌលហ្វឹកហាត់ការងារនិងអភិវឌ្ឍន៍ជំនាញ ដែលអាចផ្ដល់នូវផលប្រយោជន៍ទៅដល់ សហគមន៏ទាំងមូល។ ស្រដៀងគ្នានេះដែរ តំបន់លំនៅឋាននិង ពាណិជ្ជកម្ម ក៏ដូចជាសួនច្បារ និងទីតាំង សាធារណៈក្នុងគម្រោងលំនៅឋានតម្លៃសមរម្យនឹងបម្រើ ឲ្យគ្រួសារ ដែលរស់នៅក្នុងគម្រោងផ្ទាល់ ក៏ដូចជាកម្មករ និង បុគ្គលិកទាំងអស់ដែលធ្វើការនៅក្នុងបណ្ដុំ សហគ្រាសធុនតូច និងមធ្យម៕