ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ ក្នុងនាមជាកងយោធពលខេមរភូមិន្ទ យោធិនគ្រប់ថ្នាក់ គ្រប់តួនាទី គឺមានភារកិច្ច និងកាតព្វកិច្ចនៅ ថែរក្សាបូរណភាពទឹកដី និងបម្រើប្រជាពលរដ្ឋ

ថ្លែងក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែងជូននាយទាហាន កងពលតូចថ្មើរជើងលេខ៥១ នៃយោធភូមិភាគទី៥ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានលើកនូវតួនាទីរបស់ កងយោធពលខេមរភូមិន្ទ យោធិនគ្រប់ថ្នាក់ និងគ្រប់តួនាទី គឺមានភារកិច្ច និងកាតព្វកិច្ចនៅក្នុងការចូលរួមថែរក្សាបូរណភាពទឹកដី និងបម្រើប្រជាពលរដ្ឋ។

លោកមេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា ដើម្បីសម្រេចភារកិច្ចនេះ ទាមទារឱ្យអង្គភាពខ្លាំង ដើម្បីអង្គភាពខ្លាំង សំខាន់បំផុត អង្គភាពត្រូវតែជាធ្លុងនៃសាមគ្គីភាពមួយ។ ធ្លុងនៃសាមគ្គីភាព អាចកើតមានគឺអាស្រ័យលើមេបញ្ជាការ និងនាយសេនាធិការដែលជាក្បាលម៉ាស៊ីនដឹកនាំ។

ដូច្នេះ ការពង្រឹងសាមគ្គីភាពផ្ទៃក្នុង គឺជាកិច្ចការសំខាន់សម្រាប់មេបញ្ជាការ និងនាយសេនាធិការ ដែលទទួលបានការតែងតាំងថ្មី និងដែលត្រូវបានជ្រើសរើសតាមការវាយតម្លៃផ្អែកលើលក្ខណៈសម្បត្តិបុគ្គល ជាមួយនឹងកត្តាតុល្យភាពនៃការដឹកនាំ និងប្រសិទ្ធភាពរបស់អង្គភាពទៅមុខ ដើម្បីធានានូវនិរន្តរភាព។

យ៉ាងណាក៏ដោយ យោធិនគ្រប់រូបក៏សុទ្ធតែមានតួនាទីសំខាន់នៅក្នុងការជំរុញអង្គភាព ដោយម្នាក់ៗមានតម្លៃស្មើគ្នានៅក្នុងការចូលរួមអនុវត្តកិច្ចការរបស់អង្គភាព។ ដូច្នេះ ការរក្សាបាននូវសាមគ្គីឯកភាពផ្ទៃក្នុងល្អ ក៏ត្រូវមានការចូលរួមសកម្ម និងប្រកបដោយការទទួលខុសត្រូវរបស់យោធិនយើងម្នាក់ៗផងដែរ។

ជាមួយគ្នានោះ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងយោធិនទាំងអស់របស់កងពលតូចថ្មើរជើងលេខ៥១ ដែលបានយកចិត្តទុកដាក់បំពេញគ្រប់ភារកិច្ចយ៉ាងម៉ឺងម៉ាត់ ដោយសម្រេចបាននូវការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ ជាអំណោយផលដល់ការអនុវត្តភារកិច្ចស្នូលរបស់អង្គភាព ក្នុងនាមជាកម្លាំងចល័តអន្តរាគមន៍ ធានាបាននូវប្រៀបការពារជាតិ បូរណភាពទឹកដី សន្តិភាព ស្ថិរភាព បង្កលក្ខណៈដល់ដំណើរការកសាង និងអភិវឌ្ឍជាតិ៕






