សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ភរិយាដ៏ឧត្តុង្គឧត្តមរបស់​សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​​ អញ្ជើញក្នុងវេនកាន់បិណ្ឌទី៩ នៅវត្តមុន្នីសុវណ្ណ​ (ហៅវត្តចំពុះក្អែក) ដែលស្ថិតនៅសង្កាត់ព្រែកថ្មី​

ភ្នំពេញ៖ ក្នុងឱកាសវេនកាន់បិណ្ឌទី៩នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ភរិយាដ៏ឧត្តុង្គឧត្តមរបស់​សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​​ ព្រមទាំងក្រុមគ្រួសារ អមដំណើរដោយថ្នាក់ដឹកនាំ-មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់​ មន្ត្រីទីស្នាក់ការកណ្តាល​កាកបាទក្រហមកម្ពុជា​ និងពុទ្ធបរិស័ទជាច្រើននាក់​ បានអញ្ជើញបូជាទៀន​ ធូប​ ផ្កាភ្ញី​ ថ្វាយព្រះរតនត្រ័យ និងនាំយកនូវគ្រឿងឧបភោគ-បរិភោគ ចង្ហាន់បិណ្ឌបាត្រ​ និងបច្ច័យ​ទៅកាន់បិណ្ឌវេនទី៩​ នៅវត្តមុន្នីសុវណ្ណ​ (ហៅវត្តចំពុះក្អែក) ដែលស្ថិតនៅសង្កាត់ព្រែកថ្មី​ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃ​សុក្រ ៩រោជ ខែភទ្របទ​ ឆ្នាំជូត​ ទោស័ក​​ ព.ស.២៥៦៤​ ត្រូវនឹងថ្ងៃទី​ ១១​ ខែកញ្ញា ឆ្នាំ២០២០​ ត្រូវនឹងវេនកាន់បិណ្ឌទី៩ ស្របពេលដែលប្រជាពលរដ្ឋជាពុទ្ធសាសនិកជនទូទាំងប្រទេសកម្ពុជា កំពុងចូលរួមសប្បាយ រីករាយប្រកបដោយសទ្ធាជ្រះថ្លា ក្នុងការនាំយកនូវទេយ្យទាន និងគ្រឿងឧបភោគ-បរិភោគ ទៅវេរប្រគេន​ព្រះសង្ឃនៅគ្រប់ទីអារាមទូទាំងប្រទេស ដើម្បីឧទ្ទិសកុសលផលបុណ្យដល់ដួងវិញ្ញាណក្ខន្ធជីដូនជីតា បុព្វការីជន​ ញាតិការទាំង៧សន្តាន​ ដែលបានចែកឋានទៅកាន់បរលោក។

ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ បានវេរប្រគេនព្រះសង្ឃ នូវចង្ហាន់ បច្ច័យ ទេយ្យទាន ដើម្បីឧទ្ទិសនូវផលានិសង្ឃ ជូនទៅដល់ដួងវិញ្ញាណក្ខន្ធ បុព្វការីជន មាតាបិតារបស់សម្តេច គឺ​ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី, មហាឧបាសក លីន គ្រី, មហាឧបាសិកា ឌី ប៉ុក, អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង ព្រមទាំងវិញ្ញាណក្ខន្ធបុត្រច្បងរបស់សម្តេច សូមឱ្យដួងវិញ្ញាណក្ខន្ធរបស់អស់លោកទាំងនោះបានទទួលយកមនុញ្ញផល និងងាកក្រោយឱ្យពរជ័យជូនដល់សម្តេចទាំងទ្វេ និងក្រុមគ្រួសារ ព្រមទាំងប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសឱ្យជួបតែសេចក្តីសុខ​ សេចក្តីចម្រេីន​ រស់នៅក្រោមម្លប់នៃសន្តិភាព​ ស្ថិរភាព​ និងការអភិវឌ្ឍតរៀងទៅ។

សូមបញ្ជាក់ថា​ ទេយ្យទាន​របស់ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ និង​​សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ព្រមទាំងបុត្រា​ បុត្រី​ ចៅប្រុស​ ចៅស្រី ក្នុងឱកាសកាន់បិណ្ឌវេនទី៩ នាវត្តចំពុះក្អែក មានដូចខាងក្រោម​ ៖
១. ទេយ្យទាន​ចំនួន ២២មុខ​​​ ៖​ អង្ករ​ ទឹកក្រូច​ ទឹកសុទ្ធអេវីយ៉ង់​ ទឹកសណ្តែក​ ទឹកត្រឡាច​ ទឹកគូលែន​ ទឹកបាកាស​ ទឹកដោះគោខាប់​ ស្ករស​ កាកាវ​ មៀនកំប៉ុង​ តែ​ នំធុង​ ត្រីខ​ ត្រីងៀត​ សាច់ក្រក​ មីយេីង​ ផ្លែឈេី​ នំ​ អាល់កុល​ ម៉ាស់ពាក់មុខ​ និង​ក្រណាត់សរួមជាមួយថវិកា​៥ម៉ឺនរៀល។
២. ប្រគេនព្រះសង្ឃ​ ១៨០អង្គ​ ក្នុងមួយអង្គ​ ៗ​បច្ច័យ​ ៥ម៉ឺនរៀល។
៣. ជូនយាយជី​ តាជី​ ១៧០នាក់​ ក្នុងម្នាក់ៗ​ ក្រណាត់ស​ ១ដុំ​ និងថវិកា​ ៥ម៉ឺនរៀល។
៤. បច្ច័យកាន់បិណ្ឌ​ ចំនួន​ ៥លានរៀល​ និងបច្ច័យរៀបចំចង្ហាន់ប្រគេនព្រះសង្ឃ។

ដោយឡែក​ បច្ច័យចូលរួមពីពុទ្ធបរិស័ទក្នុងឱកាសនេះមានសរុបចំនួន​ ១៩ ៨៤០ ០០០រៀល​ និង​ ៣៦ ៨៥០ដុល្លារអាមេរិក​៕

អត្ថបទដែលជាប់ទាក់ទង