អភិបាលនៃគណៈអភិបាលខេត្តកំពត អញ្ជើញចូលរួមក្នុងពិធីប្រកាសប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងបំពាក់គ្រឿងឥស្សរិយយស

ខេត្តកំពត៖ នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចូលរួមក្នុងពិធីប្រកាសប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពត និងបំពាក់គ្រឿងឥស្សរិយយសជូនដល់អ្នកមានស្នាដៃក្នុងសកម្មភាពការងារគ្រោះមហន្តរាយ ពិសេសបានជួយជនរងគ្រោះ រលំបាក់អាគារនៅខេត្តកែប កាលពីខែមករា ឆ្នាំ២០២០ កន្លងមក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា។

ឯកឧត្តម អភិបាលខេត្ត និងជាប្រធានកិត្តិយគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពត បានមានប្រសាសន៍ គាំទ្រពេញទំហឹងចំពោះបេសកកម្មការងារដ៏ប្រសើរថ្លៃថ្លារបស់សមាគម និងខិតខំជួយ ជម្រុញចលនាសមាគមឱ្យមានដំណើរការល្អ ដើម្បីចូលរួមលើកកម្ពស់តួនាទីរបស់អតីតយុទ្ធជន ឱ្យស័ក្តិសម និងគុណបំណាច់ចំពោះបុព្វហេតុជាតិមាតុភូមិ ព្រមទាំងការពារសិទ្ធិ និងផលប្រយោជន៍របស់អតីតយុទ្ធជន ដើម្បីលើកស្ទួយជីវភាពអតីតយុទ្ធជនឱ្យកាន់តែល្អប្រសើរ និងពង្រឹងស្មារតីសាមគ្គីជួយគ្នាទៅវិញទៅមក ពេលមានការលំបាក គ្រោះថ្នាក់ មរណភាព ដោយមិនប្រកាន់ឋានៈ នៅក្នុងសង្គម និងនិន្នាការនយោបាយណាមួយឡើយ។

ឆ្លៀតក្នងឱកាសនោះដែរ ឯកឧត្តម បានបន្ត ធ្វើសេចក្តីរាយការណ៍ដោយសង្ខេបអំពីការងារគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពតរយៈពេល៩ខែដើមឆ្នាំ២០២០ និងការងារជួយសង្គ្រោះក្នុងនាមអាជ្ញាធរ និងកាកបាទក្រហម បានជួយជួសជុល និងនាំយកនូវអំណោយចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះនៅតាមឃុំ សង្កាត់ ដែលរងផលប៉ះពាល់ទាំងអស់នៅក្នុងខេត្តកំពត។

ឯកឧត្តម អភិបាលខេត្ត ក៏បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេច ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេស ឯកឧត្តម នាយឧត្តមសេនីយ៍ គន់់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមន៍អតីតយុទ្ធជនកម្ពុជា ដែលបានយកចិត្តទុកដាក់ និងលើកទឹកចិត្តចំពោះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ផ្តល់ជាគ្រឿងឥស្សរិយយស និងបំពាក់ជូនក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះផងដែរ។

នៅក្នុងបរិយាកាសដ៏មានអត្ថន័យនេះផងដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិយ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបេសកកម្មពិសេស អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បាននាំមកនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជូនចំពោះបងប្អូនអតីតយុទ្ធជន និងកងកម្លាំងទាំងអស់ ដោយក្តីនឹករលឹកបំផុត។

ព្រមជាមួយនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី បានដាក់ចេញនូវផែនការនិងផ្តល់អនុសាសន៍មួយចំនួនដល់បងប្អូនអតីតយុទ្ធជន និងកងកម្លាំងទាំងអស់ ដូចខាងក្រោម៖
-ស្នើសុំមេដាយកិត្តិយសជូនដល់អតីតយុទ្ធ នាពេលខាងមុខ
-ផ្តល់ជូនផ្ទះចំនួន ២៨ខ្នង ដល់អតីតយុទ្ធជនក្នុងខេត្តកំពត
-រៀចំទីស្នាក់ការសម្រាប់អតីតយុទ្ធជនកម្ពុជាខេត្តកំពត
-សូមបងប្អូនអតីតយុទ្ធជនកម្ពុជាទាំងអស់ថែទាំសុខភាពឲ្យបានល្អប្រសើរ
-សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ស្រង់ស្ថិតិនិងធ្វើចំណាត់ថ្នាក់អតីតយុទ្ធជនយើងប្រភេទក្រ១ និងក្រ២ ដើម្បីបានដឹងអំពីស្ថានភាពជីវភាពរស់នៅរបស់អតីតយុទ្ធជន
-សូមអតីតយុទ្ធជនទាំងអស់អប់រំកូនចៅ កុំឲ្យទៅក្បែរកគ្រឿងញៀន
-គ្រប់អតីតយុទ្ធជនទាំងអស់ត្រូវធ្វើជាភ្នាក់ងារ រាយការណ៍រាល់សកម្មភាពដែលកើតមានឡើងក្នុងមូលដ្ឋានឃុំសង្កាត់ខ្លួន
-គ្រប់អតីតយុទ្ធជនទាំងអស់ត្រូវធ្វើជាគម្រូល្អប្រជាពលរដ្ឋ។

នៅកិច្ចបញ្ចប់នៃកម្មវិធី ឯកឧត្តម នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី បានផ្តល់ជូនថវិការមួយចំនួនជូនអតីតយុទ្ធចំនួន៣០០នាក់ និងបំពាក់មេដាយជូនដល់កងកម្លាំងដែលមានស្នាដៃឆ្នើមក្នុងការបំពេញការងារកន្លងមក ជាពិសេសការចូលរួមស្វែងរកជនរងគ្រោះដោយការបាក់រលំអគារនៅខេត្តកែបកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ កន្លងទៅ ចំនួន៦០៦នាក់៕ ប្រភព៖ រដ្ឋបាលខេត្តកំពត


