លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមវេរនិងប្រគេនភត្តហាដល់ព្រះសង្ឃ ចំពុះក្អែក ឆ្លងវេនកាន់បិណ្ឌទី១២

ភ្នំពេញ៖ លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានីភ្នំពេញ បានចូលរួមជាមួយ លោកជំទាវ ហង់ ភារី អ៉ឹម សិទ្ធី លោកជំទាវ ឡៅ គឹមណៃ លី គឹមហាន ភរិយាថ្នាក់ដឹកនាំ លោក លោកស្រី ប្រជាពលរថ្ឋបានអញ្ជើញចូលរួមពិធីរាប់បាត្រ ដាឆ្លងបុណ្យកាន់បិណ្ឌទី ១២ និងបាននាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃនៅវត្តមុនីសុវណ្ណ ហៅចំពុះក្អែក ស្ថិតនៅក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញនាព្រឹកថ្ងៃចន្ទ ១២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០។
ពិធីប្រារព្ធកាន់បិណ្ឌត្រូវធ្វើឡើងចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ ជាកាលបរិច្ឆេទដែលសន្មតទុកថា ជាថ្ងៃបុណ្យភ្ជុំបិណ្ឌ។ នៅថ្ងៃនោះមហាជនប្រុសស្រី ក្មេងចាស់ នៅទូទាំងប្រទេសកម្ពុជា នាំគ្នាទៅធ្វើបុណ្យនៅវត្តដោយមានទឹកមុខរីករាយស្រស់ស្រាយពោរពេញទៅដោយ ជំនឿជឿជាក់ចំពោះ ព្រះពុទ្ធសាសនា ជឿបុណ្យ ជឿបាប ជឿកម្មផល ទាំងអស់គ្នា សុទ្ធតែមានសម្លៀកបំពាក់ល្អៗ ថ្មីៗ យ៉ាងប្រណីត  ថ្ងៃនេះ នៅគ្រប់វត្តទូទាំងប្រទេសមានឧបាសក ឧបាសិកា មហាជនមូលមីរគគ្រឹកគគ្រងធ្វើឱ្យបរិយាកាសនៅក្នុងវត្តមានភាពឱឡារិកអធិកអធមក្រៃលែង សំឡេងភ្លេងពិណពាទ្យ ឬភ្លេងប្រពៃណី បានបន្លឺរងំរណ្តំពីរោះ ត្រជាក់ដល់សោតិន្ទ្រិយារម្មណ៍ និងគួរឱ្យរំភើបរីករាយពន់ប្រមាណ ។
កម្មវិធីសំខាន់បំផុតនាថ្ងៃនេះ គឺវេរប្រគេនយាគូឬចង្ហាន់ព្រឹក ចង្ហាន់ថ្ងៃត្រង់ ចំពោះព្រះសង្ឃ ទន្ទឹមនឹងពិធីរាប់បាតជាទ្រង់ទ្រាយធំ។ ព្រះសង្ឃស្វាធ្យាយធម៌បង្សុកូលឧទ្ទិសកុសលមគ្គផលចំពោះ វិញ្ញាណក្ខន្ធអតីតបុព្វបុរស ជីដូនជីតា ញាតិការទាំងប្រាំពីរសន្តាន និងសូមប្រសិទ្ធពរស័ព្ទ សាធុការសុខចម្រើនមកកូនចៅឯក្រោយវិញ ។
លោកជំទាវ កិត្តិសង្គហបណ្ឌិត ក៏បានបួងសួង បួងសួងថ្វាយព្រះពរជ័យថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេច​យាយទួត មុនីនាថ សីហនុ និង ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ សមាជិកព្រឹទ្ធសភា ថ្នាក់ដឹកនាំ សមាជិករដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋ នៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នាជារៀងរហូត។
ជាមួយគ្នានេះដែរ លោកជំទាវ ក៏បានអំពាវនាវឲ្យប្រជាពុទ្ឋបរិស័ទទាំងអស់គ្នា ចូលរួមគោរព និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍រក្សាអនាម័យឲ្យបានល្អ រួមជាមួយនឹងវិធានការនានា ដែលបានកំណត់របស់ក្រសួងសុខាភិបាល ដោយត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៃរលកទី២ ខណៈពេលដែលពិភពលោកកំពុងប្រឈមមុខនឹងការរាត្បាតយ៉ាងខ្លាំងដោយសារជម្ងឺដ៏កាចសាហាវមួយនេះ ៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង