សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញនាំកិច្ចប្រជុំក្រុមការងារ​អន្តរក្រសួង​

ភ្នំពេញ៖ កាលពីរសៀលថ្ងៃចន្ទ ១២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញនាំកិច្ចប្រជុំក្រុមការងារ​អន្តរក្រសួង​ដើម្បីពិនិត្យភាក្សាសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការសម្រប​សម្រួល​ថ្នាក់ជាតិ​ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធ​មហាប្រល័យ និងសេចក្ដីព្រាងអនុក្រឹត្យពាក់ព័ន្ធ នៅទីស្ដីការក្រសួងមហាផ្ទៃ។

ក្រោមអធិបតីដឹកនាំកិច្ចប្រជុំរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី កិច្ចប្រជុំនេះមានការអញ្ជើញ​ចូលរួម​ពីសំណាក់ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ព្រមទាំងឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តមអគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធានអង្គភាពពាក់ព័ន្ធ និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត ជាសមាជិកក្រុមការងារ​អន្តរក្រសួង។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំង ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសម្ដែងការកោតសរសើរ និងថ្លែងអំណរគុណដល់​ក្រុម​ការងារ​អន្តរក្រសួង ទាំងក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ដឹកនាំដោយឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ ដែលបានខិតខំប្រឹងប្រែងរួមគ្នាកសាងនិងបង្កើតបាននូវសេចក្ដីព្រាង​អនុក្រឹត្យពាក់ព័ន្ធ​ទាំង៣​នាពេលនោះ។

សូមបញ្ជាក់ថាសេចក្ដីព្រាងអនុក្រឹត្យទាំង៣ដែលប្រជុំពិនិត្យពិភាក្សានាថ្ងៃនេះ រួមមាន សេចក្ដីព្រាងអនុក្រឹត្យស្ដីពីការ​រៀបចំ​និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទាន​ភេវរកម្ម​និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ​សេចក្ដីព្រាងអនុក្រឹត្យស្ដីពីបែបបទ​និងនីតិវិធី​នៃការអនុវត្តច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ,និងអនុក្រឹត្យស្ដីពីការប្រើប្រាស់និងចាត់ចែងទ្រព្យសម្បត្តិបង្កកនៃហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ៕

អត្ថបទដែលជាប់ទាក់ទង