សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសរសេរសារ ជូនពរបងប្អូនជនរួមជាតិទាំងក្នុងប្រទេស និងក្រៅប្រទេស
បងប្អូនជនរួមជាតិជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ!
នៅថ្ងៃនេះ ខ្ញុំព្រះករុណា ខ្ញុំបាទ សូមគោរពជម្រាបជូនបងប្អូនជនរួមជាតិ អំពីលទ្ធផលការងារក្នុងខែកក្កដា និងខែសីហា របស់ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់មហាជនក្នុងគេហទំព័រហ្វេសប៊ុករបស់ខ្ញុំព្រះករុណាខ្ញុំដូចបានភ្ជាប់មកជាមួយខាងក្រោមនេះ។
ខ្ញុំព្រះករុណាខ្ញុំ ក៏សូមសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីនៃអង្គភាពចំណុះក្រសួងមហាផ្ទៃ ព្រមទាំងស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការឆ្លើយតបចំពោះមតិយោបល់ កង្វល់ និងសំណូមពរនានារបស់មហាជន ជាមួយក្រុមការងារទំព័រហ្វេសប៊ុករបស់ខ្ញុំព្រះករុណា ខ្ញុំ ក្នុងន័យរួមគ្នាដើម្បីបំរើជាតិ និងប្រជាពលរដ្ឋ។
ឆ្លៀតនៅក្នុងឱកាសនៃការជិតឈានចូលមកដល់នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិនេះ ខ្ញុំព្រះករុណាខ្ញុំ សូមគោរពជូនពរបងប្អូនជនរួមជាតិទាំងក្នុងប្រទេស និងក្រៅប្រទេសសូមសមប្រកបតែនឹងសេចក្ដីរីករាយ និងមានសុវត្ថិភាពក្នុងការធ្វើដំណើរគ្រប់ទីកន្លែង និងសូមបងប្អូនជនរួមជាតិចូលរួមអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ១៩ ដើម្បីរក្សាសុខុមាលភាពក្នុងសហគមន៍ និងប្រទេសជាតិយើង៕
សូមអរព្រះគុណ និងសូមអរគុណ!