យ៉ាងហោចណាសមនុស្ស៨នាក់បានស្លាប់ និង ២០នាក់ផ្សេងទៀតរងរបួសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍
ភ្នំពេញ៖ មនុស្ស៨នាក់បានស្លាប់ និង២០នាក់ទៀតរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ដែលភាគច្រើនកើតឡើងដោយមិនពាក់មួកសុវត្ថិភាពពេលមានគ្រោះថ្នាក់ចំនួន ១៩នាក់។ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា កាលពីថ្ងៃទី១៤ ខែកញ្ញា នៅកម្ពុជាមានគ្រោះថ្នាក់ចរាចរណ៍ចំនួន ១៤លើក បណ្ដាលឱ្យមានមនុស្សស្លាប់ចំនួន ៨នាក់ និងរបួសចំនួន ២០នាក់ ក្នុងនោះរបួសធ្ងន់ចំនួន ១៦នាក់ និងរបួសស្រាលចំនួន ៤នាក់ ។
តាមរបាយការណ៍បានឱ្យដឹងថា មូលហេតុដែលនាំឱ្យមានករណីគ្រោះថ្នាក់ចរាចរណ៍ទាំងនេះ គឺបណ្ដាលមកពីបើកបរមិនគោរពសិទ្ធិអាទិភាព មិនប្រកាន់ស្តាំ និងស្រវឹង ជាដើម របាយការណ៍ដដែលបានបញ្ជាក់ទៀតថា គ្រោះថ្នាក់ចរាចរណ៍ទាំង១៤លើកនេះ បានបណ្ដាលឱ្យខូចខាតម៉ូតូចំនួន ១៦គ្រឿង រថយន្តធុនតូច ៩គ្រឿង រថយន្តធុនធំ ៣គ្រឿង យានផ្សេងៗ ២គ្រឿង ថ្មើរជើង ១នាក់។
ជុំវិញបញ្ហានេះ សមត្ថកិច្ចនគរបាល បានបន្តក្រើនរំលឹកប្រជាពលរដ្ឋឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដោយត្រូវបើកបរប្រកាន់ស្តាំ កុំបើកបរលើសល្បឿនកំណត់ កុំបើកបរល្មើសភ្លើងសញ្ញាចរាចរណ៍ កុំបើកបរបញ្ច្រាស់ទិសចរាចរណ៍ កុំបើកបរក្នុងស្ថានភាពស្រវឹង ហើយត្រូវពាក់ខ្សែក្រវាត់ពេលបើកបររថយន្ត និងពាក់មួកសុវត្ថិភាពពេលធ្វើដំណើរតាមម៉ូតូ ដើម្បីសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ ៕