ប្អូនថ្លៃកាប់ប្រហារបងថ្លៃស្លាប់ ក៏ព្រោតែការពារឪពុកក្មេកក្នុងថ្ងៃភ្ជុំធំ សមត្ថកិច្ចចាប់ដាក់គុក

ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍របស់កម្លាំងសមត្ថកិច្ចបានឲ្យសារព័ត៌មានដឹងនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ថា វេលាម៉ោងប្រហែល២០.០០នាទី នៅចំណុចក្រុមទី២ ស្ថិតនៅភូមិដំណាក់បេង ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីអំពើហឹង្សាលើអ្នកដ៏ទៃ មានស្ថានទម្ងន់ទោស (ប្រើអាវុធកាំបិត) បណ្តាលឲ្យជនរងគ្រោះស្លាប់ កើតឡើងចំនួន ១លើក ដែលបង្កឡើងដោយជនសង្ស័យ ឈ្មោះ ជុំ ភារម្យ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិ-ឃុំ កើតហេតុខាងលើ បានយកកាំបិតបុ័ងតោ កាប់ទៅលើជនរងគ្រោះ ឈ្មោះ ចាន់ ប៊ុនថន ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិ-ឃុំជាមួយគ្នា ចំនួន ២កាំបិត ចំសៀតផ្កាខាងស្តាំ ចំនួន ១កាំបិត និងចំដើមទ្រូងចំនួន ១កាំបិត បណ្តាលឲ្យស្លាប់ ។

សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា មូលហេតុជនរងគ្រោះ ផឹកស្រាស្រវឹង ហើយវាយធ្វើបាបឪពុកបង្កើតរបស់ខ្លួន ទើបបណ្តាលឲ្យជនសង្ស័យដែលត្រូវជាប្អូនថ្លៃទ្រាំមិនបាន ក៏យកកាំបិតបុ័ងតោ កាប់ទៅលើជនរងគ្រោះដែលត្រូវជាបងថ្លៃ បណ្តាលឲ្យស្លាប់ ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នរបាលរដ្ឋបាលបួរឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
