សប្បាយក្លាយជាទុក្ខ ២នាក់ចុះលេងទឹកសមុទ្រគ្មានពាក់អាវពោងសុវត្តិភាព លុងទឹកបាត់ខ្លួនស្រីម្នាក់ រកឃើញប្រុសម្នាក់
ខេត្តកោះកុង៖ បើតាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា មានករណីយុវជនប្រុសស្រីចំនួន២នាក់គ្រោះថ្នាក់ដល់អាយុជីវិត ខណៈពេលចុះទៅលេងទឹកសមុទ្រដោយមិនមានពាក់អាវពោងសុវត្តិភាព បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៦និង២៥នាទីព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចឆ្នេរពយស្ងាវ ស្ថិតក្នុងភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ។
សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះម្នាក់មានឈ្មោះ ដា ស្រីឡែន ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស និងម្នាក់ទៀតឈ្មោះ ដា វីរៈថេ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ សិស្ស។
ក្រោយពេលកើតហេតុភ្លាមៗនោះផងដែរ កម្លាំងសមត្ថកិច្ចនគរបាលបានរាវរកឃើញយុវជនម្នាក់ និងលើកស្រង់ឡើងគោកវិញ ដើម្បីរង់ចាំសាច់ញាតិ ក្រុមគ្រួសារមកទទួលយក ចំណែកយុវនារីម្នាក់ទៀតបានបាត់ខ្លួនដដែលនៅមិនទាន់រកឃើញនោះទេ តែទោះបីជាយ៉ាងណាក្តី សមត្ថកិច្ចកំពុងតែបន្តរុករកហើយ ៕