បើទោះបីជាជួបរលកព្យុះ នៃវិបត្តិកូវីដ-១៩ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធានាថែរក្សាស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច

ភ្នំពេញ៖ បើយោងតាមសារលិខិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាសន្តិភាពអន្តរជាតិ ថ្ងៃទី២១ ខែកញ្ញាឆ្នាំ២០២០ សម្ដេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន បានអះអាងសារជាថ្មីនូវការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការបន្តថែរក្សា​ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច បើទោះបីជាកម្ពុជាកំពុងជួបរលកព្យុះនៃ​វិបត្តិ​កូវីដ-១៩ យ៉ាងណាក៏ដោយនោះ។

ក្នុងសារលិខិត សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា រលកព្យុះនៃវិបត្តិកូវីដ-១៩ បាននិងកំពុងបក់បោក​មកលើសេដ្ឋកិច្ចនិងសង្គម នៅក្នុងបណ្ដាប្រទេសស្ទើរទាំអស់នៅទូទាំងពិភពលោក រួមទាំងកម្ពុជាផងដែរ។ ការរីករាលដាលនៃមេរោគកូវីដ-១៩ និងវិបត្តិសេដ្ឋកិច្ចនេះ បានបង្កការគំរាមកំហែងយ៉ាងខ្លាំងក្លាដល់ការអភិវឌ្ឍ ដែលកម្ពុជាសម្រេចបានក្នុងរយៈពេល៣០ឆ្នាំ ចុងក្រោយនេះ នៃប្រវត្តិសាស្ត្ររបស់ខ្លួន។ តាមការប៉ាន់​ប្រមាណ​របស់អ្នកសេដ្ឋកិច្ច ក៏ដូចជាស្ថាប័នអន្តរជាតិធំៗ បង្ហាញថា ភាពប្រាកដប្រជានៃសេដ្ឋកិច្ចរបស់​កម្ពុជាអាចនឹង​ធ្លាក់ចុះ​ក្នុងរង្វង់ -១,៩ភាគរយ នៅឆ្នាំ២០២០នេះ។

សម្ដេចតេជោបន្តថា បន្ថែមលើវិបត្តិដែលបង្កឡើងដោយជំងឺឆ្លងកូវីដ-១៩ សភាការណ៍ពិភពលោកនៅតែ​បន្ត​ប្រែប្រួល​វិវឌ្ឍកាន់តែតឹងតែងស្មុគស្មាញ ប្រកបដោយគ្រោះថ្នាក់ បង្កឡើងដោយការប្រកួតប្រជែងរវាង​ប្រទេស​មហាអំណាច ដើម្បីការពារផលប្រយោជន៍ រក្សាឥទ្ធិពលនយោបាយ យោធានិងសេដ្ឋកិច្ចរបស់ខ្លួន។ មហិច្ឆតាក្ដោបក្ដាប់និងដឹកនាំពិភពលោករបស់មហាអំណាចខ្លះ តាមរយៈការប្រកាន់យកនយោបាយ​ឯកតោ​ភាគីនិយម និងគាំពារនិយម បានជំរុញសណ្ដាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់និងប្រព័ន្ធ​ពហុភាគី​និយម ដែល​បាន​ជួយរក្សាសន្តិភាព និងវិបុលភាពដល់ពិភពលោកអស់រយៈពេលជិត៧៥ឆ្នាំកន្លងមកនោះ ទទួលរង​សម្ពាធជាងពេលណាៗទាំងអស់។ នៅក្នុងបរិបទនេះ ប្រទេសមហាអំណាចលោកខាងលិចខ្លះ បាននិងកំពុង​សហការប្រទាក់ក្រឡាគ្នាជាប្រព័ន្ធ ក្នុងការដាក់សម្ពាធកៀបសង្កត់ឱ្យកម្ពុជាដើរតាមគន្លងនយោបាយរបស់ខ្លួន ដូចដែលពួកគេធ្លាប់បានប្រព្រឹត្តមកលើកម្ពុជាកាលពីទសវត្សរ៍ឆ្នាំ១៩៧០-១៩៨០ ដោយរំលោភបំពានលើ​គោលការណ៍សមភាពអធិបតេយ្យភាពរវាងបណ្ដារដ្ឋ និងគោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង​ប្រទេស​ដ៏ទៃ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ អ.ស.ប និងនៅក្នុងច្បាប់អន្តរជាតិ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា ទោះជាស្ថិតក្នុងការលៈទេសៈ ណាក៏ដោយ រាជរដ្ឋាភិបាលអះអាង​សារ​ជាថ្មីនូវការប្ដេជ្ញាចិត្ត ក្នុងការថែរក្សាឱ្យបាននូវភាពជាម្ចាស់ការលើការងារជាអាទិភាពចម្បងពីរ គឺទីមួយៈ ការបន្តថែរក្សាស្ថិរភាពនយោបាយដែលជាមូលដ្ឋានគ្រឹះសម្រាប់គ្រប់គ្រងស្ថានការណ៍ និងទីពីរៈ ការថែរក្សា​ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចឱ្យបានល្អប្រសើរ ទប់ស្កាត់អតិផរណានិងការឡើងថ្លៃទំនិញក្នុងទីផ្សារ និងការបន្ត​អនុវត្ត​ឱ្យបានម៉ឺងម៉ាត់ច្បាស់លាស់នូវភារកិច្ចចំនួនប្រាំ ដែលបានដាក់ចេញកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០​កន្លង​ទៅនេះ ដើម្បីសន្តិភាព សុវត្ថិភាព សុខមាលភាពប្រជាជន និងការអភិវឌ្ឍន៍ប្រទេសជាតិ។

សម្ដេចតេជោសង្កត់ធ្ងន់ថា កម្ពុជាទើបតែបានសុខសាន្ត រស់នៅក្នុងសន្តិភាព និងឯកភាពជាតិពេញលេញ អស់រយៈពេលជាងពីរ​ទសវត្សរ៍កន្លងមកនេះ ក្រោយពីការឆ្លងកាត់ភ្នក់ភ្លើងសង្គ្រាម ការបែកបាក់រងទុក្ខវេទនា​ខ្លោចផ្សារកទីបំផុតគ្មាន ជាច្រើនសតវត្សកន្លងមកហើយនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។

សម្តេចតេជោបានបន្ថែមថា បទពិសោធន៍ដ៏ជូរចត់របស់កម្ពុជាពីអតីតកាល និងការអនុវត្តបានយ៉ាងជោគជ័យនូវ «គោលនយោបាយ ឈ្នះ-ឈ្នះ» បានធ្វើឱ្យប្រជាជនកម្ពុជាស្គាល់ច្បាស់ពីតម្លៃសន្តិភាព និងកាន់តែយល់​ពី​សារៈ​សំខាន់មិនអាចខ្វះបាននៃមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ គឺសន្តិភាព និងស្ថិរភាព៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង