ជាសះស្បើយ ស្ទើរតែ១០០%ហើយ ចំពោះជំងឺគ្រុនផ្តាសាយធំ ទូទាំង៨ខេត្ត

ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យទីភ្នាក់ងារសារព័ត៌មានកម្ពុជាដឹងនៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ នេះថា ស្ថានភាពជំងឺគ្រុនផ្តាសាយធំ ដែលបានឆ្លង និងរីករាលដាលទូទាំង០៨ខេត្ត ត្រូវបានទប់ស្កាត់ និងព្យាបាលជាសះស្បើយ ស្ទើរតែ១០០%ហើយ គិតត្រឹមថ្ងៃទី១៨ ខែកញ្ញា ម្សិលមិញនេះ។

លោកជំទាវវេជ្ជបណ្ឌិត បានគូសបញ្ជាក់ថា ៖ «មុនពេល និងអំឡុងពេលកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ (ពីថ្ងៃទី១៥ ខែសីហា ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០) ក្រសួង បានសង្កេតឃើញ មានការចម្លងនូវជំងឺគ្រុនផ្តាសាយធំ ដែលភាសាបច្ចេកទេសពេទ្យហៅថា “Influenza A” នៅក្នុងចំណោមព្រះសង្ឃ (ខេត្តតាកែវ បាត់ដំបង ត្បូងឃ្មុំ និងបន្ទាយមានជ័យ) នៅក្នុងក្រុមអ្នកទោសក្នុងពន្ធនាគារ (ខេត្តព្រះវិហារ កោះកុង និង កំពង់ធំ) និងនៅក្នុងសហគមន៍មួយដែលមានប្រជាជនរស់នៅក្នុងតំបន់គ្របដណ្តប់ នៃមណ្ឌលសុខភាពសោមធំ (ខេត្តរតនគីរី)។

ឆ្លើយតបទៅនឹងជំងឺគ្រុនផ្តាសាយធំនេះ ក្រុមការងារនៃមន្ទីរសុខាភិបាលខេត្តទាំង ៨នេះ បានធ្វើសកម្មភាពយ៉ាងសកម្ម និងឆ្លើយតបបានយ៉ាងរហ័ស ដើម្បីទប់ស្កាត់ការចម្លងបន្តគ្នា និងផ្តល់ការព្យាបាលជូនដល់ព្រះសង្ឃ និងអ្នកជំងឺបានជាសះស្បើយ ១០០% ហើយសម្រាប់ខេត្តចំនួន៧ នៅសល់តែខេត្តកំពង់ធំ ដែលបានជាសះស្បើយជាបណ្តើរៗទៀតក្នុងពេលខាងមុខនេះ »។

ដោយឡែកលទ្ធផលនៃការវិភាគរបស់មន្ទីរពិសោធន៍ នៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា លើករណីអ្នកជំងឺខាងលើ បានបង្ហាញលទ្ធផលថា មិនមានវីរុសកូវីដ១៩នោះទេ តែមានវិជ្ជមានវីរុសផ្តាសាយធំ (Influenza A ប្រភេទ H3N2) ដែលជាប្រភេទដែលអាចឆ្លងបន្តគ្នា។

ក្នុងឱកាសនេះ លោកជំទាវក៏បានពាំនាំសេចក្តីផ្តាំផ្ញើពីសំណាក់ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ លោកតាអាចារ្យ លោកតា-លោកយាយជី គណកម្មការវត្ត និងព្រះសង្ឃទាំងអស់នៅ ទូទាំងប្រទេស ចូលរួមអនុវត្តវិធានការការពារដូចតទៅ ៖ ត្រូវមានអនាម័យខ្លួនប្រាណ អនាម័យកន្លែងរស់នៅ ជាពិសេសអនាម័យដៃឱ្យបានស្អាតជាប់ជានិច្ច ដោយលាងសម្អាតឱ្យបានញឹកញាប់តាមបច្ចេកទេសណែនាំរបស់ក្រសួងសុខាភិបាល។ ប្រើប្រាស់ម៉ាស់ក្នុងករណីចាំបាច់ ជាពិសេសត្រូវពាក់ម៉ាស់ពេលចូលក្នុងទីវត្តអារ៉ាម ស្តាប់ព្រះធម៌ ឬកន្លែងដែលមានមនុស្សម្នាច្រើន ហើយពេលក្អកកណ្ដាស់ ត្រូវខ្ទប់មាត់ និងច្រមុះ ដោយប្រើកន្សែង ក្រម៉ា ក្រដាសជូតមាត់ ឬកែងដៃ ជាដើម។ ត្រូវចេះរក្សាគម្លាតសុវត្ថិភាពបុគ្គល ពីមួយម៉ែត្រកន្លះឡើងទៅ រួមជាមួយនឹងវិធានការអនាម័យផ្សេងៗទៀត ដែលក្រសួងតែងតែអំពាវនាវជាប្រចាំផងដែរ៕

អត្ថបទដែលជាប់ទាក់ទង