សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ នាំយកអំណោយមនុស្សធម៌ផ្ដល់ជូនអាជីវកររងគ្រោះភ្លើងឆេះតូប នៅផ្សារសំរោងយ៉ោង

ខេត្តតាកែវ៖ នៅរសៀលថ្ងៃចន្ទ ៤កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០២០ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ​សាខាកាកបាទ​ក្រហម​កម្ពុជា ខេត្តតាកែវ អមដំណើរដោយ ឯកឧត្តម លោកជំទាវ សមាជិក សមាជិការគណៈកម្មាធិការសាខា លោក​នាយកសាខា មន្ត្រីប្រតិបត្តិសាខា និងមន្រ្តីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបាទី ខេត្តតាកែវ បាន​អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខា មកជូនបងប្អូនអាជីវករចំនួន ១៥០​គ្រួសារ ដែលបានរងគ្រោះដោយអគ្គីភ័យឆេះផ្សារសំរោងយោងកាលពីយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ូច ភា ប្រធានគណៈកម្មាធិការសាខា បានពាំនាំមតិផ្តាំផ្ញើសាកសួរសុខទុក្ខពី​សំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល​សម្ដេច​តែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខដល់ប្រជាពលរដ្ឋដែលងាយទទួលរងគ្រោះ នៅគ្រប់ទីកន្លែងមិន​ប្រកាន់​និន្នាការ ពូជសាសន៍ សាសនា អ្វីឡើយ ដូចពាក្យស្លោក ទីណាមានការលំបាក ទីនោះ​មានកាកបាទ​ក្រហមកម្ពុជា។

ជាបន្តឯកឧត្តមប្រធាន ក៏បានជម្រាបពីស្ថានការណ៍វិវត្តន៍ថ្មី នៃជំងឺកូវីដ១៩ (Covid-19) នៅក្នុងព្រះរាជា​ណា​ចក្រ​កម្ពុជាយើង ក៏ដូចជាលើពិភពលោក ព្រមទាំងសូមឲ្យបងប្អូនប្រជាពលរដ្ឋ និងមន្ត្រី បុគ្គលិក​ទាំងអស់​ត្រូវយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការ​ចូលរួម​អនុវត្តវិធានការការពារ និងរក្សាអនាម័យ ជាពិសេស អនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសារអប់រំនានារបស់​ក្រសួង​សុខាភិបាល ដើម្បីចូលរួមកាត់បន្ថយ និងបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ (Covid-19) កំពុងតែកើតមានទ្បើងនៅក្នុងប្រទេសយើង ។

អំណោយសាខាកាកបាទក្រហមខេត្ត ដែលបានផ្ដល់ជូនក្នុងមួយគ្រួសារៗ រួមមាន អង្ករ ២៥គីឡូក្រាម តង់ធំ ១ កន្ទេល ១ មុង ១ ភួយ ១ សារុង ១ ក្រមា១ ៕

អត្ថបទដែលជាប់ទាក់ទង