វេទិកាអាស៊ាន ស្តីពីសុខុមាលភាពសង្គមនិងការអភិវឌ្ឍ ត្រូវបានរៀបចំឡើង

ភ្នំពេញ៖ កាលពីថ្ងៃទី២១ ខែកញ្ញា វេទិកាអង្គការរដ្ឋាភិបាល និង អង្គការមិនមែនរដ្ឋាភិបាលអាស៊ាន លើកទី១៥ ស្តីពីសុខុមាលភាព និងការអភិវឌ្ឍសង្គម ត្រូវបានរៀបចំធ្វើឡើង។

ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះត្រូវបានរៀបចំឡើងនៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់អាស៊ាន ស្តីពីសុខុមាលភាព និងការអភិវឌ្ឍសង្គម (SOMSWD) ។

ប្រធានបទនៃវេទិកានេះ គឺ «ការពង្រឹងភាពធន់របស់គ្រួសារ និងសាមគ្គីភាព៖ ភាពក្លាហានក្នុងគ្រាលំបាក និងការសម្របខ្លួនទៅនឹងភាពធម្មតាថ្មី» ដែលវាគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍សង្គម-វប្បធម៌អាស៊ានដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។

ថ្លែងទៅកាន់ពិធីនេះ អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចនៃប្រទេសវៀតណាម លោកស្រី Ha Thi Minh Duc បាននិយាយថា ជំងឺកូវីដ-១៩ បានបង្កបញ្ហាប្រឈមខាងផ្នែកសង្គម-សេដ្ឋកិច្ច និងវេជ្ជសាស្ត្រជាច្រើននៅទូទាំងពិភពលោក។

លោកស្រីបាននិយាយបន្ថែមថា ជំងឺរាតត្បាតនេះបានធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស ជាពិសេសស្ត្រី កុមារ និងក្រុមគ្រួសារជាច្រើន។

ជនជាតិវៀតណាមជាង ៣០លាននាក់បានរងគ្រោះដោយសារជំងឺនេះ ហើយប្រាក់ចំណូលបានធ្លាក់ចុះ ៥៧ភាគរយ។ ប្រាក់ចំណូលពីវិស័យកសិកម្មនៅក្នុងគ្រួសារចំនួនពាក់កណ្តាលនៅតំបន់ជនបទ គឺធ្លាក់ចុះ ៣៨ភាគរយ ខណៈដែលវិស័យវាយនភ័ណ្ឌ កាត់ដេរ ស្ថិតក្នុងចំណោមវិស័យដែលរងគ្រោះខ្លាំងជាងគេ។

ក្រៅពីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ រដ្ឋាភិបាលវៀតណាម និងទីភ្នាក់ងារពាក់ព័ន្ធនានាបានដាក់ចេញនូវវិធានការណ៍មួយចំនួន ដើម្បីគាំទ្រដល់ប្រជាជនដែលរងគ្រោះដោយសារជំងឺរាតត្បាត និងដើម្បីស្តារប្រតិបត្តិការអាជីវកម្មឡើងវិញ។

បណ្តាគណៈប្រតិភូទាំងអស់បានពិភាក្សាគ្នាអំពីបញ្ហាគ្រួសារ ជាពិសេសបញ្ហាដែលកើតឡើងពីជំងឺ     កូវីដ- ១៩ ដោយកត់សម្គាល់ថា ជំងឺរាតត្បាតនេះបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ក្រុមគ្រួសារងាយរងគ្រោះនៅក្នុងក្រុមជនជាតិភាគតិច អ្នកដែលមានកម្មករក្រៅផ្លូវការ និងជនចំណាកស្រុក។ គុណភាព និងការទទួលបានសេវាកម្មចាំបាច់គ្រប់ប្រភេទ ដែលរួមមានការថែរក្សាសុខភាពសម្រាប់ម្តាយ និងកុមារ ការអប់រំ និងសុខុមាលភាព ក៏ត្រូវបានរារាំងដោយសារជំងឺរាតត្បាតនេះដែរ៕ by AKP(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)

អត្ថបទដែលជាប់ទាក់ទង