ផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំគណៈប្រតិភូអន្តរក្រសួង ថ្នាក់ដឹកនាំខេត្ត បានចុះសិក្សា ពិនិត្យស្ថានភាពផ្លូវ

ខេត្តសៀមរាប៖ ក្រុមការងាររបស់គណៈកម្មការអន្តរក្រសួងដឹកនាំដោយឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងគណ:ប្រតិភូអន្តរក្រសួងអមដំណើរ ថ្នាក់ដឹកនាំខេត្ត បានចុះសិក្សា ពិនិត្យស្ថានភាពផ្លូវ និងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ដែលការអនុវត្តគម្រោងនេះ គឺជាផែនការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសផ្តល់ថវិកា១៥០លានដុល្លារ សម្រាប់ស្ថាបនាផ្លូវចំនួន ៣៨ខ្សែ។
ជាមួយនឹងការអនុវត្តផ្លូវទាំង ៣៨ខ្សែនេះ រដ្ឋបាលខេត្តសូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅលើផ្លូវទាំង៣៨ខ្សែនេះសូមចូលរួមសហការឱ្យបានល្អជាមួយនឹងក្រុមការងារ ដើម្បីអនុវត្តគម្រោងទាំងនេះឱ្យទទួលបានជោគជ័យទៅតាមការគ្រោងទុក។ ម្យ៉ាងទៀត គម្រោងនេះនឹងធ្វើឱ្យក្រុងសៀមរាបមានសោភ័ណភាពកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត ហើយក៏ជាការទាក់ទាញភ្ញៀវទេសចរមកទស្សនាខេត្តសៀមរាបកាន់តែច្រើនកុះករ។
អាជ្ញាធរខេត្តសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋនឹងចូលរួមសហការជាមួយក្រុមការងារឱ្យបានស្អិតរមួត និងទទួលបានជោគជ័យសម្រាប់ក្រុងសៀមរាបដែលជាក្រុងប្រវត្តិសាស្ត្រពីបុរាណមក៕










