កម្ពុជា ចូលរួមកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់អាស៊ាន លើកទី២០ ស្តីពីឧក្រិដ្ឋកម្មឆ្លងដែន តាមប្រព័ន្ធវីដេអូ

ភ្នំពេញ: នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងជាប្រធានក្រុមការងារមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ទទួលការងារប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនក្នុងក្របខណ្ឌអាស៊ាន(SOMTC-Leader) បានដឹកនាំមន្ត្រីជំនាញជាន់ខ្ពស់ពាក់ពន្ធ័ចូលរួមកិច្ចប្រជុំឧក្រិដ្ឋកម្មឆ្លងដែនលើកទី២០ តាមរយៈប្រព័ន្ធវីដេអូ ដែលរៀបចំដោយប្រទេស ហ្វីលីពីន ។

ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា បានធ្វើបទបង្ហាញជូនអង្គប្រជុំ ស្តីពីការជួញដូរអាវុធ ។ កិច្ចប្រជុំនេះ ក៏បានលើកប្រធានបទផ្សេងៗទៀតរួមមាន៖ ភេវរកម្ម ការជួញដូរមនុស្ស ការសំអាតប្រាក់ អំពើប្លន់តាមសមុទ្រ ឧក្រិដ្ឋកម្មសេដ្ឋកិច្ចអន្តរជាតិ បទល្មេីសផលិតផលក្លែងក្លាយ បទល្មើសបច្ចេកវិទ្យា ការជួញដូរគ្រឿងញៀន ការជួញដូរសត្វព្រៃ និងឈើខុសច្បាប់ផងដែរ។

ក្នុងអង្គប្រជុំនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា ក៏បានលេីកទ្បេីងថា ការគំរាមកំហែងពីសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែនមានលក្ខណៈស្មុគស្មាញ ហើយក៏គ្មានប្រទេសណាអាចដោះស្រាយការគំរាមកំហែងបែបនេះដោយម្នាក់ឯងបានឡើយ គឺតម្រូវឲ្យមានសកម្មភាពរួមគ្នាពីបណ្តាប្រទេសនានា។ ដូច្នេះត្រូវការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងកិច្ចខិតខំប្រឹងប្រែងនៅថ្នាក់តំបន់។ ហេីយ ឯកឧត្តម នាយឧត្តមសេនីយ៍ បានបញ្ជាក់បន្តយ៉ាងដូច្នេះថា យេីងប្តេជ្ញាពង្រឹងសមត្ថភាពសមូហភាព តាមរយៈវគ្គបណ្តុះបណ្តាល សិក្ខាសាលាថ្នាក់តំបន់ និងខិតខំលើកកម្ពស់ និងសម្របសម្រួលកិច្ចសហប្រតិបត្តិការ ក្នុងតំបន់របស់យើងឲ្យកាន់តែមានប្រសិទ្ធិភាព ដោយបានបង្កើតឡើងនូវបទដ្ឋានគតិយុត្ត ដើម្បីដោះស្រាយនូវរាល់បញ្ហាប្រឈមទាំងនេះ។

ក្នុងកិច្ចប្រជុំស្តីពីឧក្រិដ្ឋកម្មឆ្លងដែនលើកទី២០ ប្រទេសសមាជិកអាស៊ានទាំងអស់ បានប្តេជ្ញាចិត្តខ្ពស់ក្នុងការទប់ស្កាត់ និងបង្ក្រាបបទឧក្រិដ្ឋឆ្លងដែនជាមួយគ្នា ដើម្បីសន្តិភាពនៅក្នុងតំបន់៕




