ពិធីប្រគល់ផ្ទះមនុស្សធម៌ទី៧៤ របស់កាកបាទក្រហមកម្ពុជា សាខាខេត្តសៀមរាប ដែលបានការឧបត្ថម្ភថវិកាពី លោកជំទាវ លី ដាណា សមាជិកាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត

ខេត្តសៀមរាប៖ ផ្ទះមនុស្សធម៌នេះ ត្រូវបានប្រគល់ជូនគ្រួសារលោកតា វឿន ឡុក អាយុ៨៣ឆ្នាំ (ជរាពិការ ជើងឆ្វេង) និងភរិយាឈ្មោះ ម៉ី ដារា អាយុ៦១ឆ្នាំ រស់នៅភូមិក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។
ផ្ទះចាស់របស់ពួកគាត់ត្រូវបានភ្លើងឆេះតាំងពីឆ្នាំ២០០៩ មកម្ល៉េះ ដោយសារខ្លួនចាស់ពុំមានលទ្ធភាពសង់ផ្ទះថ្មី ទើបគាត់បានសុំជ្រកក្រោមសំយាបផ្ទះរបស់បងប្អូនអស់រយៈពេល ១១ឆ្នាំ ដោយគិតតាំងពីឆ្នាំ២០០៩ រហូតមកដល់ថ្ងៃនេះ ។
ដោយមានក្ដីមេត្តា ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែបានយកចិត្តទុកដាក់ គិតគូជានិច្ចនូវទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែង ទើបនៅក្នុងថ្ងៃនេះសម្ដេចបានចាត់ចែង អោយកាកបាទក្រហមកម្ពុជាសាខាខេត្តសៀមរាប សាងសង់ផ្ទះជូនលោកតាជាបន្ទាន់ ។ នេះជាមូលហេតុដែលធ្វើអោយគ្រួសាររបស់លោកតា ពិតជាសប្បាយរីករាយ និងរំភើបយ៉ាងក្រៃលែង ពួកគាត់បានលើកម្រាមដៃ១០សូមថ្លែងអំណរគុណដល់ សម្ដេចដែលមានចិត្តមេត្តាដល់ពួកគាត់ ប្រៀបដូចបានទទួលជីវិត មានក្ដីសង្ឃឹមសារជាថ្មីម្ដងទៀត ហើយគាត់និងចងចាំនូវគុណរបស់សម្ដេចជារៀងរហូត ។







