ផ្ទះប្រជាពលរដ្ឋ និងប៉ុស្តិ៍នគរបាលរដ្ឋបាល រួមជាមួយសាលារៀន ១ខ្នង សរុបចំនួន ១២ខ្នង ត្រូវបានខូចខាតដោយខ្យល់កន្ត្រាក់

ខេត្តរតនគិរី៖ ករណីខ្យល់កន្ត្រាក់មួយកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ នៅវេលាម៉ោង ៥និង00នាទីព្រឹក ធ្វើឱ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន១០ខ្នង ប៉ុស្តិ៍នគរបាលរដ្ឋបាល ១ខ្នង រួមជាមួយសាលារៀន ១ខ្នង នៅក្នុងភូមិផាក់ណាម ឃុំកោះពាក្យ ស្រុកវើនសៃ ខេត្តរតនគិរី។
បើតាមសេចក្តីរាយការណ៍របស់អាជ្ញាធរស្រុកបានឲ្យដឹងថាករណីនេះពុំបណ្ដាលឱ្យប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋណាម្នាក់នោះទេ គ្រាន់តែខូចខាតផ្ទះសម្បែង១០ខ្នង ដោយមានការប៉ើងដំបូលផ្ទះចំនួន ៩ខ្នង និងខ្ទមចាំចំការប៉ើងរាបដល់ដីខូចខាតទាំងស្រុងចំនួន ១ខ្នង ប៉ើងដំបូលក្បឿងអគារសិក្សានៃសាលាបឋមចំនួន ១ខ្នង និងប៉ើងដំបូលអគារប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំចំនួន ១ខ្នង ដោយសារខ្យល់ សរុបចំនួន ១២ខ្នង។
ដោយឡែកអគារប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ប៉ើងដំបូលស័ង្កសី ៥សន្លឹក ខូចខាតដងទង់ជាតិ និងទង់ជាតិ ចំនួន១ ព្រមទាំងខូចខាតផ្ទាំងសូឡារបស់រដ្ឋចំនួន ១ផងដែរ៕






