នគរបាលស្រុកអង្គស្នួលទទួលបានអាវភ្លៀង ថវិកា និងម៉ូតូ ៥គ្រឿង ពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ

ខេត្តកណ្ដាល៖ នគរបាលស្រុកអង្គស្នួលសរុបចំនួន ១១៥នាក់ ត្រូវបានទទួលអំណោយជាឣាវភ្លៀងដ៏ថ្លៃថ្លា ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដោយក្នុងម្នាក់ៗទទួលបានអាវភ្លៀងចំនួន១ និងថវិកាចំនួន ៥០០០០រៀល ។ ដោយឡែកអធិការនគរបាលស្រុកទទួលបានម៉ូតូធំចំនួន ៥គ្រឿង ទុកសម្រាប់ បម្រើការងារក្នុងអង្គភាព ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្តកណ្តាល ក៏បានជួយឧបត្ថម្ភម៉ូតូធំចំនួន ១០គ្រឿងទៀត ជូនដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០ របស់ស្រុកអង្គស្នួលផងដែរ។

អំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេះ ត្រូវបានលោឧត្តមសេនីយ៍ត្រី សេង គឹមឃន និងលោឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរង តំណាង ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បាននាំយកទៅធ្វើការប្រគល់ជូនកងកម្លាំងនគរបាលនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០។

ក្នុងឱកាសនោះដែរ តំណាងលោកឧត្តមសេនីយ៍ស្នងការ ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងបានណែនាំឱ្យកងកម្លាំងនគរបាលទាំងអស់រក្សាសាមគ្គីភាពផ្ទៃក្នុង រួមគ្នាធ្វើការជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយមានការជឿរទុកចិត្តដើម្បីឱ្យពួកគាត់រស់នៅក្នុងភាពសុខសាន្ត ដោយមិនមានការភ័យខ្លាចនោះឡើយ។

ក្រៅពីការងារជំនាញ និងបំរើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន កងកម្លាំងទាំងអស់ត្រូវនាំគ្នាថែទាំសុខភាព អនាម័យខ្លួនប្រាណឱ្យបានស្អាតជានិច្ច ដើម្បីជៀសឆ្ងាយពីជម្ងឺផ្សេងៗ ពិសេសជម្ងឺកូវីដ១៩៕ សភារាជ


