ជំនន់ទឹកភ្លៀង ប៉ះពាល់ដល់ការប្រមូលផស្រូវដើមរដូវ នៅស្រុកមង្គលបុរី

ខេត្តបន្ទាយមានជ័យ៖ ឥទ្ធិពលបាតុភូតជ្រលងសម្ពាធទាប នាំឲ្យមានភ្លៀងធ្លាក់ខ្លាំងៗ ៣ថ្ងៃជាប់គ្នា មកទល់យប់ថ្ងៃទី២៥.២៧ ខែកញ្ញា ឆ្នាំ២០២០នេះ និងទឹកជំនន់បើកទម្លាក់ពីប្រទេសថៃ បង្កជាទឹកជំនន់ប៉ះពាល់ដល់ការប្រមូលផលស្រូវបង្កើនរដូវនៅស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យ ។

មើលឃើញពីការលំបាករបស់កសិករ កម្លាំងយោធាកងពលតូចលេខ ៥១ កម្លាំងតំបន់ប្រតិបត្តិការសឹករងស្រុកមង្គលបុរី និងកម្លាំងយោធាព្រំដែន នៃយោធភូមិភាគទី៥ ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគិ៥ ទទួលជាមេបញ្ជាការតំបន់ទី១ ចុះអន្តរាគមន៍ជួយច្រូតកាត់ ដណ្ដើមផលស្រូវចេញពីជំនន់បន្ទាន់ភ្លាមៗនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ រហូតដណ្ដើមផលស្រូវជូនបងប្អូនកសិករឲ្យរួចរាល់ចេញពីទឹកជំនន់ទឹកភ្លៀង។

លោកឧត្ដមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគ៥ ទទួលជាមេបញ្ជាការតំបន់ទី១ មានប្រសាសន៍ថា កម្លាំងយោធាចំនួន ៥០០នាក់ រួមមានកម្លាំងយោធាកងពលតូចលេខ ៥១ កម្លាំងតំបន់ប្រតិបត្តិការសឹករងស្រុកមង្គលបុរី និងកម្លាំងយោធាព្រំដែនជួរមុខ នៃយោធភូមិភាគទី៥ ប្រដាប់ដោយសម្ភារៈច្រូតកាត់ និងដឹកជញ្ជូនចុះធ្វើសកម្មភាពដោយឆន្ទៈ នឹងដណ្ដើមផលស្រូវជូនកសិករ ពីទឹកជំនន់ឲ្យអស់ពីសមត្ថភាព។

លោក រ័ត្ន ដាស៊ីណង អភិបាលស្រុកមង្គលបុរី ប្រាប់ថា ទំហំនៃការលិចលង់ស្រូវបង្កើនរដូវនៅភូមិកាមល ឃុំរហាត់ទឹក មានត្រឹមតែ ២០ហិកតាប៉ុណ្ណោះ ដោយកសិករឃើញផលស្រូវមិនល្អ មិនយកម៉ាស៊ីនច្រូត មកច្រូតកាត់(មិនចំនេញ)ហើយត្រូវទឹកមកដល់ល្មម។

លោក រ័ត្ន ដាស៊ីណង ប្រាប់ទៀតថា ចំពោះកំពស់ទឹកស្ទឹងមង្គល់បុរីមានស្ថានភាពនៅលំនឹងនៅឡើយ បើប្រៀបធៀបថ្ងៃម្សិលមិញ ដោយសារទ្វារទឹកនៅស្រុកបវេល ខេត្តបាត់បង ត្រូវបានបិត។
ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ វាយតម្លៃ រកដំណោះស្រាយ ត្រៀមបង្ការ សង្គ្រោះដែលជាការឆ្លើយតបនូវគ្រោះជំនន់ទឹកភ្លៀងនេះ នៅបណ្តាស្រុកខាងលើ ព្រមទាំងបានណែនាំ ដឹកនាំការរំដោះ បញ្ចៀសជំនន់ទឹកភ្លៀងនេះកុំឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស សត្វ និងត្រៀមកម្លាំងនិងមធ្យោបាយលើដំណោះស្រាយរួមលើបញ្ហានេះ ។
ឯកឧត្ដម អ៊ុំ រាត្រី ស្នើឲ្យតំបន់ដែលធ្លាប់លិចលង់ដោយទឹកជំនន់ស្ទើររាល់ឆ្នាំនោះ ទាំងមន្ត្រីអាជ្ញាធរ កងកម្លាំងនិងពលរដ្ឋបាននឹងកំពុងត្រៀមប្រុងប្រយ័ត្ន៕






