Detail Top Banner

ហ៊ឹម សុវណ្ណរី មានដីផ្សេងក្រៅពីដី ៦ប័ណ្ណ ខាងលើដែរឬទេ ហើយដីនោះបានមកពីណា និងមានឯកសារកាន់កាប់អ្វីខ្លះ ដែលវិវាទដីធ្លីរវាង លោកស្រី ហ៊ឹម សុវណ្ណរី និង លោក លី ហុងស៊ីន មិនចប់

ប្រវត្តិដីទំនាស់៖ នៅឆ្នាំ១៩៩៣ លោក លី ហុងស៊ីន បានទិញដីទំហំសរុប ៤១ហិកតា ០៩អ ៩៣សអ ទីតាំងនៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ហើយបានទទួលប័ណ្ណសម្គាល់សិទ្ធិចំនួន ១០ប័ណ្ណ នៅឆ្នាំ១៩៩៣ (ប័ណ្ណលេខ B2 0545, B2 0546, B2 0547, B2 0548, B2 0549 , B2 0550 , B2 0551 , B2 0552, B20556, B20557)។ ការកាន់កាប់ដីពុំមានការអភិវឌ្ឍនៅលើនោះទេ ទើបនៅឆ្នាំ២០០០-២០០១ ក្រោយពីមានការសាងសង់រោងចក្រសាន់ដុងនៅក្បែរនោះ ក៏បណ្តាលឱ្យមានប្រជាពលរដ្ឋមួយចំនួនចូលសង់ខ្ទមលើដីនោះ។ ការប្តឹងផ្តល់នៅតុលាការរហូតដល់តុលាការកំពូលចេញ​សាលដីកាលេខ ២១០ ‘ញ’ ចុះថ្ងៃទី០៩-៥-២០១៤ ទទួលស្គាល់ដីរបស់ភាគីលោក លី ហុងស៊ីន ចំនួន ១០ប័ណ្ណ និងបង្គាប់ឱ្យប្រជាពលរដ្ឋរុះរើចេញពីដីរបស់លោក លី ហុងស៊ីន។
ដោយឡែក នៅថ្ងៃទី១២-១-២០១២ សាលាដំបូងខេត្តព្រះសីហនុបានទទួលបណ្តឹង ដែលមានសហដើមចោទឈ្មោះ ហ៊ឹម សុវណ្ណរី និងម៉ី ឌីន្ទណាត្យា ជាមួយសហចុងចម្លើយឈ្មោះ ង៉ែត ចន្ធូ ង៉ែត ទិត្យ និងតតីតយុទ្ធជន ពាក់ព័ន្ធនឹងដីមានប័ណ្ណសម្គាល់សិទ្ធិចំនួន ៦ប័ណ្ណ ទំហំសរុប ២៣ ហត ៨៥អ ៩២សអ ចេញឆ្នាំ១៩៩៧ (ប័ណ្ណលេខ A1 0550 , A1 0549, A1 0548 , A1 0547 , A1 0546 , A1 0508) ជារបស់ឈ្មោះ ម៉ី ឌីន្ទណាត្យា (មានកិច្ចសន្យារួមភាគហ៊ុនរបស់ឈ្មោះ ម៉ី ឌីន្ទណាត្យា និង ហ៊ឹម សុវណ្ណរី ក្នុងម្នាក់ៗ ៥០%) ផ្សេងពីប័ណ្ណសម្គាល់សិទ្ធិចំនួន ១០ប័ណ្ណ របស់ឈ្មោះ លី ហុងស៊ីន។ សាលាដំបូងខេត្តបានចេញសាលក្រមលេខ ០៦ ‘ង’ ចុះថ្ងៃទី២៤-៣-២០១៤ ហើយបានចុះអនុវត្តនៅថ្ងៃទី ១៩-៣-២០១៥ ដែលនៅពេលនោះ ឈ្មោះ ហ៊ឹម សុវណ្ណរី បានសម្រុះសម្រួលបែងចែកដីជាឡូតិ៍ៗ ជាប្រាក់ និងសម្ភារៈមួយចំនួនទៅឱ្យប្រជាពលរដ្ឋជាច្រើនគ្រួសារ ហើយបានរុះរើដោយស្ម័គ្រចិត្ត។ ប៉ុន្តែក្រោយការអនុវត្តសាលក្រមនេះ ឈ្មោះ ហ៊ឹម សុវណ្ណរី បានធ្វើការឈូសឆាយធ្វើផ្លូវ ធ្វើរបង និងសំណង់ផ្សេងៗលើដីដែលដោះស្រាយរួច ហើយចូលក្នុងដីរបស់លោក លី ហុងស៊ីន ស្ទើរតែទាំងស្រុង។
លោក លី ហុងស៊ីន ក៏បានប្តឹងករណីនេះបន្តទៅតុលាការ។
លើសពីនេះ ក៏ប្តឹងទៅ សម្តេចតេជោ នាយករដ្ឋមន្ត្រី រហូតមានការចុះអង្កេត ដោយអាជ្ញាធរជាតិដោះស្រាយដីធ្លី និងទទួលបានលិខិតលេខ ១០៣១សជណ ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ របស់ទីស្តីការគណៈរដ្ឋមន្ត្រី សម្រេច ដូចតទៅ៖
១. បែងចែកក្បាលដីដែលត្រួតគ្នាលើប័ណ្ណសម្គាល់សិទ្ធិរបស់ភាគី លី ហុងស៊ីន និងរបស់ភាគី ហ៊ឹម សុវណ្ណរី និងម៉ី ឌីន្ទណាត្យា ទំហំ ៤ហិកតា ៥០អា ៣សង្ទីអា ស្ថិតនៅចំណុចព្រំប្រទល់រវាងស្រុកស្ទឹងហាវ និងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជាពីរចំណែក ដោយប្រគល់ដីផ្នែកខាងជើងទំហំ ២ហិកតា ២៥អា ២សង្ទីអា ជូនភាគី លី ហុងស៊ីន និងផ្នែកខាងត្បូងទំហំ ២ហិកតា ២៥អា ១សង្ទីអា ជូនភាគី ហ៊ឹម សុវណ្ណរី និងម៉ី ឌីន្ទណាត្យា តាមគំនូសប្លង់បញ្ជាន់ក្បាលដី រៀបចំដោយអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្រ្ត នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។
២. បដិសេធរាល់លិខិតទិញលក់ទាំងអស់រវាងឈ្មោះ ហ៊ឹម សុវណ្ណរី ជាមួយអ្នកដទៃផ្សេងៗទៀត នៅលើដីដែលមានប័ណ្ណសម្គាល់សិទ្ធិទាំង ១០ប័ណ្ណរបស់ភាគី លី ហុងស៊ីន។
៣.ករណីមានការរំលោភលើដីដែលមានប័ណ្ណសម្គាល់សិទ្ធិរបស់ភាគី លី ហុងស៊ីន ក្រៅពីផ្ទៃដីដែល ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាន់ដូចមានក្នុងគំនូសប្លង់បញ្ជាន់ក្បាលដីរបស់ភាគី លី ហុងស៊ីន តាមកំណត់ហេតុអង្កេតដីឆ្នាំ១៩៩៣ និងក្បាលដីរបស់ភាគី ហ៊ឹម សុវណ្ណរី និង ម៉ី ឌីន្ទណាត្យា តាមកំណត់ហេតុអង្កេតដីឆ្នាំ១៩៩៧ ភាគីដែលរំលោភត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ភាគីលោកស្រី ហ៊ឹម សុវណ្ណរី ដែលមានឈ្មោះ ង៉ែត ចន្ទូ ឈ្មោះ ឈុន វន្នី ឈ្មោះ ច័ន្ទ សីហា ឈ្មោះ វ៉ិច សុខា ឈ្មោះ កែវ សុភី និងឈ្មោះ រ៉េត សុខន តំណាងឱ្យប្រជាពលរដ្ឋ ១៧០គ្រួសារ នៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានដាក់ពាក្យបណ្តឹងគោរពជូន សម្តេចតេជោ នាយករដ្ឋមន្រ្តី ស្នើសុំលុបលិខិតលេខ ១០៣១ សជណ ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ របស់ ទីស្តីការគណៈរដ្ឋមន្ត្រី។ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី បានចេញលិខិតលេខ ០៣៤/អជដ ដោយបញ្ជាក់ថា លិខិតលេខ ១០៣១ សជណ ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ របស់ទីស្តីការគណៈរដ្ឋមន្ត្រី គឺជាការសម្រេចរបស់រាជរដ្ឋាភិបាល ដែលជាឯកសារគតិយុត្តសម្រាប់គ្រប់ភាគីពាក់ព័ន្ធចូលរួមអនុវត្ត។
នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ លោក សួង សុភ័ត្រ្តា មេធាវីតំណាងដោយអាណត្តិរបស់លោក លី ហ៊ុងស៊ីន បានដាក់ពាក្យស្នើសុំជួយអន្តរាគមន៍ការអនុវត្តតាមខ្លឹមសារនៃលិខិតលេខ ១០៣១ សជណ ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ របស់ទីស្តីការគណៈរដ្ឋមន្ត្រី មករដ្ឋបាលខេត្តព្រះសីហនុ។
លទ្ធផលនៃការបញ្ជាន់ប័ណ្ណរបស់គូភាគី៖
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្លាប់ចាត់មន្រ្តីជំនាញគូសប្លង់បញ្ជាន់ក្បាលដីរបស់ ភាគីទាំងពីរ(ដី១០ប័ណ្ណរបស់ លោក លី ហុងស៊ីន និងដី ៦ប័ណ្ណរបស់ ហ៊ឹម សុវណ្ណរី ) និងធ្វើប្លង់បង្ហាញទីតាំងដី មានត្រួតលើគ្នាទំហំ ៤ហត ៥០អា ៣សអ។
ឯកសារសំអាងរបស់គូភាគី៖
ភាគីលោក លី ហុងស៊ីន
-ប័ណ្ណសម្គាល់សិទ្ធិចំនួន ១០ប័ណ្ណ នៅឆ្នាំ១៩៩៣ (ប័ណ្ណលេខ B2 0545, B2 0546, B2 0547, B2 0548, B2 0549 , B2 0550 , B2 0551 , B2 0552, B20556, B20557) ទំហំ៤១ ហត ០៩អ ៩៣សអ
-សាលដីកាលេខ ២១០ ‘ញ’ ចុះថ្ងៃទី០៩-៥-២០១៤ ទទួលស្គាល់ដីរបស់លោក លី ហុងស៊ីន ចំនួន ១០ប័ណ្ណ
ភាគីលោកស្រី ហ៊ឹម សុវណ្ណរី
-៦ប័ណ្ណ ទំហំសរុប ២៣ ហត ៨៥អ ៩២សអ ចេញឆ្នាំ១៩៩៧ (ប័ណ្ណលេខ A1 0550 , A1 0549, A1 0548 , A1 0547 , A1 0546 , A1 0508)
-សាលក្រមលេខ ០៦ ‘ង’ ចុះថ្ងៃទី២៤-៣-២០១៤ ហើយបានចុះអនុវត្តនៅថ្ងៃទី ១៩-៣-២០១៥ ទទួលស្គាល់ដីចំនួន ៦ប័ណ្ណ របស់ភាគី ហ៊ឹម សុវណ្ណរី
ចំណុចសម្គាល់៖
-ការចុះអនុវត្តសាលក្រមលេខ០៦ ‘ង’ នៅថ្ងៃទី ១៩-៣-២០១៥ ឈ្មោះ ហ៊ឹម សុវណ្ណរី មានដីតែ ៦ប័ណ្ណ ស្មើនឹងផ្ទៃដីទំហំ ២៣ហិកតា ៨៥អ ៩២សអ ប៉ុន្តែយោងតាមឯកសារដោះស្រាយគោលនយោបាយរបស់ ហ៊ឹម សុវណ្ណរី ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ បានដោះស្រាយជូនប្រជាពលរដ្ឋ ២៣០គ្រួសារ អស់ផ្ទៃដីទំហំ ២០២,៧៥២ម៉ែត្រការ៉េ ប្រាក់ចំនួន១០១ ៨២០ ០០០រៀល និង ១៣២ ៥០០ដុល្លារ។
តើហេតុអីបានដោះស្រាយច្រើនម្ល៉េះ? បានដីមកពីណា?
-តើឈ្មោះ ហ៊ឹម សុវណ្ណរី មានដីផ្សេងក្រៅពីដី ៦ប័ណ្ណ ខាងលើដែរឬទេ ហើយដីនោះបានមកពីណា ហើយមានឯកសារកាន់កាប់អ្វីខ្លះ?
-ភាគីទាំងពីរ បានយកប័ណ្ណរៀងៗខ្លួនជាភស្តុតាងដាក់ជូនតុលាការ ដែលឈានដល់ការសម្រេចសេចក្តីទទួលស្គាល់ដីតាមប័ណ្ណរៀងៗខ្លួន ដូច្នេះគួរពិចារណាយកប័ណ្ណសំគាល់សិទ្ធិទាំងនោះ ជាមូលដ្ឋានក្នុងការសម្រេច ឬសម្របសម្រួល។ ប្រសិនបើគូភាគី អះអាងថាមានដីផ្សេងៗទៀត ដែលមិនទាន់មានប័ណ្ណសម្គាល់សិទ្ធិ ហើយជាន់នឹងដីប័ណ្ណខាងលើ មិនគួរលើកយកមកពិចារណាក្នុងការសម្រេច ឬសម្របសម្រួលនោះទេ

-ទំនាស់ដីធ្លីនេះកើតឡើងតាំងពីឆ្នាំ២០០០ ដូច្នេះរាល់ការទិញ-លក់ ផ្ទេរ ឬធ្វើការសាងសង់ផ្សេងៗនៅលើទីតាំងដីដែលកំពុងមានទំនាស់ មិនគួរលើកយកមកពិចារណា និងទទួលស្គាល់សិទ្ធិកាន់កាប់ដីនោះទេ៕

រដ្ឋបាលខេត្តព្រះសីហនុ
អត្ថបទដែលជាប់ទាក់ទង