ពិធីប្រកាសផ្សព្វផ្សាយការប្រើប្រាស់ជាផ្លូវការ ផែនការយុទ្ធសាស្រ្តជាតិ ទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ លើកទី៥ ឆ្នាំ២០១៩-២០២៣

ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍) បានមានប្រសាសន៍ នៅក្នុងពិធីប្រកាសផ្សព្វផ្សាយការប្រើប្រាស់ជាផ្លូវការ ផែនការយុទ្ធសាស្រ្តជាតិ ទូលំទូលាយ និងពហុវិស័យ ឆ្លើយតបនឹង មេរោគអេដស៍ និងជំងឺអេដស៍ លើកទី៥ឆ្នាំ២០១៩-២០២៣នៅ សណ្ឋាគារភ្នំពេញនាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះថា ការផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ លើកទី៥ ឆ្នាំ២០១៩-២០២៣ ត្រូវបានផលិតឡើងដោយបានរួមបញ្ចូលនូវ ឯកសារគន្លឹះផ្លូវការមួយចំនួន រួមមាន ផែនការយុទ្ធសាស្រ្តជាតិទូលំទូលាយ និងពហុវិស័យ ឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ លើកទី៤ សេចក្តីជូនដំណឹងលេខ២១៣ សជណ.សស ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ របស់ទីស្តីការ គណៈរដ្ឋមន្ត្រី សូចនាករតាមដានរួមគ្នា ឆ្នាំ២០១៩-២០២៣ (Joint Monitoring Indicators 2019- 2023) ករណីវិនិយោគលើការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ក្នុងប្រទេសកម្ពុជា (the Case for Investing in Cambodia’s HIV and AIDS Response) ការវាយតម្លៃភាពត្រៀមឆ្លងអន្តរកាល (Towards Ending AIDS in Cambodia: Transition Readiness Assessment) និងផែនទីបង្ហាញផ្លូវ សម្រាប់និរន្តរភាព (Towards Ending AIDS in Cambodia: Sustainable Roadmap)។

ផែនការយុទ្ធសាស្រ្តជាតិលើកទី៥ រួមមានយុទ្ធសាស្ត្រចំនួន៤៖

យុទ្ធសាស្ត្រ ទី ១៖ ផ្តល់សេវាបង្ការ ថែទាំ ព្យាបាល និងការគាំទ្រដ៏ទូលំទូលាយជាពហុវិស័យ។

យុទ្ធសាស្រ្តទី២៖ ធ្វើសមាហរណកម្មការឆ្លើយតបនៃមេរោគអេដស៍ ទៅក្នុងប្រព័ន្ធសុខាភិបាល ក្រសួង ពាក់ព័ន្ធនិងស្ថាប័នសម្របសម្រួលថ្នាក់ជាតិ

យុទ្ធសាស្ត្រ ទី ៣៖ ពង្រីកវិសាលភាពកិច្ចគាំពារសង្គម និងលើកកម្ពស់ការទទួលបានសេវាសង្គម និងច្បាប់ សម្រាប់អ្នកផ្ទុកមេរោគអេដស៍ និងប្រជាជនគន្លឹះ។

យុទ្ធសាស្ត្រទី ៤៖ បង្កើនថវិការបស់រដ្ឋាភិបាលដល់ ៥០% នៃហិរញ្ញប្បទានមេរោគអេដស៍ទាំងអស់នៅឆ្នាំ ២០២៣ និងវិភាជថវិការបស់រដ្ឋាភិបាលដល់អង្គការសង្គមស៊ីវិល សម្រាប់សេវាកម្ម ឆ្លើយ តបនឹងមេរោគអេដស៍សំខាន់ៗ។

ថ្វីត្បិតប្រទេសកម្ពុជាទទួលបានជោគជ័យធំៗ ដូចជាការសម្រេចបានក្នុងចំណោមប្រទេសទាំង ប្រាំពីរដំបូងគេក្នុងសកលលោកនូវគោលដៅ ៩០-៩០-៩០ ក្នុងឆ្នាំ២០១៧ បីឆ្នាំមុនកាលកំណត់របស់ អង្គការ UNAIDS ក្តី ក៏យើងនៅកំពុងជួបឧបសគ្គធំៗ មួយចំនួនដូចជា ការធ្លាក់ចុះនូវការគាំទ្រហិរញ្ញប្ប ពីខាងក្រៅ ចំនួនអ្នកបច្ចេកទេសថយចុះ ក្រុមប្រជាជនគន្លឹះមានការកើនឡើង (ចំនួនក្រុមបុរសរួមភេទ ទាន ជាមួយបុរស កើនឡើងពីជាង៣ម៉ឺននាក់ក្នុងឆ្នាំ២០១៤ មកដល់ប្រមាណជិត៩ម៉ឺននាក់នៅឆ្នាំ២០១៩) ជា ពិសេសផលប៉ះពាល់នៃជំងឺកូវីដ-១៩ ដែលអាចជះឥទ្ធិពលដល់កិច្ចប្រឹងប្រែង ក្នុងការសម្រេចនូវគោលដៅលុបបំបាត់ការឆ្លងថ្មីនៃមេរោគអេដស៍៕

អត្ថបទដែលជាប់ទាក់ទង