អគ្គរដ្ឋទូតសហរដ្ឋអាមេរិកអញ្ជើញទស្សនកិច្ចការងារបោសសម្អាតគ្រាប់បែកចង្កោមរបស់អង្គការ MAG និងអង្គការ NPA នៅខេត្តរតនគិរី
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន និងឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ បានអញ្ជើញទស្សនកិច្ចការងារបោសសម្អាតគ្រាប់បែកចង្កោមរបស់អង្គការ MAG និងអង្គការ NPA នៅខេត្តរតនគិរី។
ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី និងឯកអគ្គរដ្ឋទូត បានចុះពិនិត្យ ម៉ាស៊ីនគាំទ្រប្រតិបត្តិការបោសសម្អាតគ្រាប់របស់អង្គការ MAG ដែលជាជំនួយរបស់សហរដ្ឋអាមេរិកនៅក្រុងបានលុង និងលទ្ធផលនៃការបោសសម្អាតគ្រាប់បែកចង្កោមនៅវិទ្យាល័យត្រពាំងក្រហម ស្រុកកូនមុំ ព្រមទាំងបានមេីលការប្រកួតបាល់ទាត់នារីរវាងអ្នកដោះមីន/គ្រាប់ របស់អង្គការ MAG និងអង្គការ NPA ផងដែរ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានលេីកឡេីងថា ផ្អែកតាមលទ្ធផលនៃការស្រាវជ្រាវទិន្នន័យមូលដ្ឋាន ចាប់ពីឆ្នាំ២០០៩ ដល់ខែសីហា ឆ្នាំ២០២០ ប្រទេសកម្ពុជា រងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោមមានផ្ទៃដីប្រមាណជាង ៨៩៤គីឡូម៉ែត្រក្រឡា ក្នុងនោះបានបោសសម្អាតរួចមានប្រមាណជាង ១៨៥គីឡូម៉ែត្រក្រឡា និងផ្ទៃដីនៅសល់មានប្រមាណជាង ៧៤៣ គីឡូម៉ែត្រក្រឡាទៀត។
ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រសកម្មភាពមីនមនុស្សធម៌នៅកម្ពុជាដ៏សប្បុរស ដែលបានផ្តល់ដោយរដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក ក្នុងការរួមចំណែកកាត់បន្ថយការគម្រាមកំហែងដោយសារគ្រាប់មីន និងគ្រាប់បែកចង្កោម និងសង្រ្គោះជីវិតមនុស្សនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩២ ក្នុងទឹកប្រាក់ប្រមាណជាង ១៦០លានដុល្លារ តាមរយៈ WRA (Weapon Removal and Abatement) និងកម្មវិធី HDR& D (Humanitarian Demining, Research and Development) ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្នើសុំឲ្យរដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិកបន្តជួយគាំទ្រ៖ ទី១/ បង្កើននូវកញ្ចប់ថវិការបស់ខ្លួន ក្នុងការចូលរួមលើការងារបោសសម្អាតមីន និងគ្រាប់បែកចង្កោមនៅកម្ពុជា ទី២/ ជួយកសាងសមត្ថភាពថ្នាក់ជាតិក្នុងការគ្រប់គ្រងហានិភ័យសំណល់ជាតិផ្ទុះរយៈពេលវែងក្រោយឆ្នាំ២០២៥ និងទី៣/ គាំទ្រការបង្កើតបន្ថែមក្រុមការងារបច្ចេកទេសស្រាវជ្រាវចម្ការគ្រាប់បែកចង្កោម។
ឯកឧត្តមបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា មានចក្ខុវិស័យ និងគោលដៅច្បាស់លាស់ក្នុងការបញ្ចប់ការគម្រាមកំហែងដោយសារមីន ដែលយេីងបានដឹង អោយអស់នៅត្រឹមឆ្នាំ២០២៥ ដូចមានចែងក្នុងផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ ដែលក្នុងនោះក៏បានលេីកឡេីងក្នុងការដោះស្រាយបញ្ហាគ្រាប់បែកចង្កោម ដោយកំណត់ក្នុងគោលដៅទី២ របស់ខ្លួនផងដែរ។
ជាមួយគ្នានេះ ឯកឧត្តម W. Patrick Murphy បានមានប្រសាសន៍ថា សហរដ្ឋអាមេរិក គឺជាអ្នកផ្តល់ជំនួយមនុស្សធម៌លេីការងារបោសសម្អាតមីន/គ្រាប់ នៅកម្ពុជាធំមួយ ក្នុងគោលដៅចូលរួមផ្តល់នូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋកម្ពុជា ហើយសហរដ្ឋអាមេរិកនឹងប្តេជ្ញាបន្តឈរជាមួយកម្ពុជាក្នុងការបញ្ចប់ការគម្រាមកំហែងដោយសារមីនអោយអស់នៅឆ្នាំ២០២៥ ស្របតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ផងដែរ៕