ការជួសជុលផ្ទះ និងសាងសង់សំណង់តូចតាចចំនួន ២៥០៧សំណើ ត្រូវបានអនុញ្ញាតក្នុងរយៈពេល៩ខែ ដោយអាជ្ញាធរជាតិអប្សរា

ខេត្តសៀមរាប៖ របាយការណ៍លេខាធិការដ្ឋានសហគមន៍នៃអាជ្ញាធរជាតិអប្សរា រយៈពេល៩ខែ ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២០ បង្ហាញថា ក្រុមការងារសហគមន៍បានចុះសម្របសម្រួលជាមួយប្រជាពលរដ្ឋដើម្បីពិនិត្យនិងដោះស្រាយសំណើស្នើសុំជួសជុលផ្ទះ រួមទាំងសាងសង់តូចតាចតាមភូមិទាំង ១១២ភូមិ ក្នុងតំបន់ឧទ្យានអង្គរ ដោយក្នុងនោះបានអនុញ្ញាតជូនប្រជាពលរដ្ឋបានចំនួន ២៥០៧សំណើ ក្នុងចំណោម ៣៤៣៩សំណើ ។
ករណីអនុញ្ញាតសំណើខាងលើផ្តល់ជូនប្រជាពលរដ្ឋនៅស្រុកបាគង៣៧៨សំណើ ស្រុកអង្គរធំចំនួន ៣៨៧សំណើ ស្រុកពួកចំនួន ៥៣៤សំណើ ស្រុកបន្ទាយស្រីបានចំនួន ៧៦៤សំណើ និងក្រុងសៀមរាបចំនួន ៤៤៤សំណើ។
ប្រភេទសំណើដែលក្រុមការងារសហគមន៍ចុះពិនិត្យនិងដោះស្រាយមាន ៖
១. ការជួសជុលផ្ទះ៖ ការជួសជុលឬប្តូរដំបូល ប្តូរជញ្ជាំង ប្តូរសសរ ប្តូរឬតសំយ៉ាប ជួសជុលជណ្តើរ ជួសជុលរបងមានស្រាប់ បន្ទប់ក្រោមផ្ទះ។
២. សំណង់តូចតាច៖ សង់បង្គន់ សង់ទ្រុងមាន់ ទា ជ្រូក ជង្រុកស្រូវ តូបឬរោងលក់ដូរមុខផ្ទះ។
៣.ចាក់ដី៖ ចាក់ដីលុបគ្រលុកក្នុងបរិវេណផ្ទះក្រោម។ល។ រាល់ការស្នើសុំច្បាប់សាងសង់គឺពុំមានការបង់ប្រាក់ទេ។
ក្រុមការងារសហគមន៍តែងចុះជាប់ជាប្រចាំ ដើម្បីសម្របសម្រួលលើករណីសំណើផ្សេងៗនិងជួយណែនាំផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋឱ្យយល់កាន់តែច្បាស់ពីតួនាទីអាជ្ញាធរជាតិអប្សរា ការប្រើប្រាស់ដីធ្លីក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរ នីតិវិធីនៃការដាក់ពាក្យស្នើសុំជួសជុល និងសាងសង់ផ្ទះក្នុងឧទ្យានអង្គរ។
លើសពីនេះ ក្រុមការងារក៏បានឧត្ថម្ភថវិកាដល់ចាស់ព្រឹទ្ធាចារ្យ ចាស់ជរា ជនពិកា ជនទីទ័លក្រ អ្នកជំងឺ កុមារពិកា និងជួយឧបត្តម្ភជាសម្ភារដូចជាស៊ីម៉ងត៍ ស័ង្កសី ព្រមទាំងបានជួយឧត្តម្ភគាំទ្រវិស័យព្រះពុទ្ធសាសនាដែរ៕ អត្ថបទ៖ លោក យី សុថា រូបភាព៖ ក្រុមការងារសហគមន៍






