ស្ត្រី ដែលមានកូនប្រាំនាក់ បានវិលជួបជុំកូន និងម្តាយ ក្រោមការសណ្តោសប្រណីពីសំណាក់សម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ ប្អូនស្រី ជឿន សុខុន មានកូនប្រាំនាក់ ដែលក្នុងនោះមានកូនបីនាក់ជាកូនស្រីភ្លោះ (កូនភ្លោះចាប់ពី៣នាក់ឡើងទៅ គឺជាកូនដែលទទួលបានការ សណ្តោសទំនុកបម្រុងពីសម្តេចតេជោ) ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឱ្យនៅក្រៅឃុំបណ្តោះអាសន្ន បន្ទាប់ពីត្រូវបានឃុំខ្លួនអស់រយៈពេល ជាងមួយខែក្រោមបទចោទពីបទល្មើសឆបោក។

រឿងរ៉ាវនេះគឺបានកើតឡើងដោយសារការចាញ់បោកអ្នកលក់ម៉ាស តាមអនឡាញដែលមានប្រភពនៅប្រទេសថៃ និងប្រទេសវៀតណាម មិនខុសពីបងប្អូនមួយចំនួនទេ ប្អូនស្រី ជឿន សុខុន បានចាប់យកឱកាសប្រកបរបររកស៊ីទិញលក់ទំនិញតាមហ្វេសប៊ុក (Facebook) ដែលកំពុងពេញនិយមនិងទាន់សម័យនៅក្នុងប្រទេសកម្ពុជាយើង ស្របតាមការរីកចម្រើននៃបច្ចេកវិទ្យាសម័យទំនើប។
នៅក្នុងកំឡុងពេលជំងឺកូវីដ-១៩ (Covidf-19) កំពុងរីករាលដាល ដែលពេលនោះមានអ្នកលក់ម៉ាស (mask) និង ជែល (gel) ជាច្រើនបានចាប់ប្រកបមុខរបរនេះ។

ចំពោះប្អូនស្រី ជឿន សុខុន ក៏បានរកស៊ីកម៉្មង់ទិញម៉ាសពីឈ្មួញបោះដុំតាម Online យកមកលក់បន្តឱ្យអ្នកទិញក្នុងបណ្តាញហ្វេសប៊ុកយកទៅចែកចាយលក់បន្ត។ ប្អូនស្រីមានអ្នកទិញលក់បន្តចំនួន ៦នាក់ដែលតែងតែកម្ម៉ង់ទិញម៉ាសពីប្អូនតាមអនឡាញ។ តាមធម្មតា ក្រោយពីប្អូនស្រីទទួលបានលុយកក់ពីអ្នកទិញហើយ គឺប្អូនស្រីបានបង់លុយនោះតាមអនឡាញទៅអ្នកបោះដុំក្នុងអនឡាញដែលមានប្រភពនៅប្រទេសថៃ និងប្រទេសវៀតណាម តាមអេឡិកត្រូនិកផេមិន (electronic payment) ។

ជាអកុសល ប្អូនស្រី ជឿន សុខុន ត្រូវបានអ្នកបោះដុំម៉ាសនៅថៃតាម និង វៀតណាម បោកប្រាស់យកលុយអស់ហើយបានបិទអាខោន facebook ចោលគេចខ្លួនបាត់។ ដោយសារគ្មានទំនិញប្រគល់ជូនអ្នកបញ្ជាទិញ និងគ្មានប្រាក់សងគេវិញ ជនរងគ្រោះទាំងនោះបានដាក់ពាក្យបណ្តឹងទៅកាន់នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា។ ដោយគ្មានប្រាក់សងគេវិញ ប្អូនស្រី ជឿន សុខុន ត្រូវបានបញ្ជូនទៅតុលាការ ហើយចៅក្រមស៊ើបសួរក៏សម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី២ (ព្រៃស) កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០។

នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ លោកយាយ ឈុំ វ៉ាត អាយុ៧០ឆ្នាំ ដែលត្រូវជាម្តាយបង្កើតរបស់ប្អូនស្រី ជឿន សុខុន ដែលមានកូន ៥នាក់កំពុងជាប់ឃុំ បានគោរពអង្វរជាមួយទឹកភ្នែកស្នើសុំការសណ្តោសប្រណីពី សម្តេចតេជោនាយករដ្ឋមន្រ្តី ឱ្យជួយដល់កូនស្រីគាត់ដែលកំពុងជាប់ឃុំឲ្យបាននៅក្រៅឃុំ ដើម្បីមានឱកាសបានធ្វើការរកលុយសងគេវិញ ជាពិសេសសុំឲ្យសម្តេចមេត្តាជួយដល់ចៅស្រីភ្លោះ ៣នាក់ និងកូនតូចៗ ២នាក់ទៀត ដែលកំពុងនៅក្រោមអម្រែករបស់លោកយាយ។ លោកយាយមានការពិបាកយ៉ាងខ្លាំងព្រោះគ្មានចំណូល ហើយត្រូវទទួលបន្ទុកចិញ្ចឹមមើលថែចៅទាំង៥នាក់ តែម្នាក់ឯង ហើយកំពុងមានជំងឺរោគស្រី្តប្រចាំខ្លួនទៀតផង។

បន្ទាប់ពីទទួលបានការស្នើសុំពីលោកយាយ សម្តេចតេជោ ហ៊ុន សែន មានក្តីអាណិតអាសូរលោកយាយ និងចៅៗទាំង៥នាក់ជាពន់ពេក ហើយសម្តេច បានចាត់ឲ្យលោក ដួង តារា ជំនួយការផ្ទាល់ ឲ្យសហការជាមួយប្រធានសាលាដំបូងរាជធានីភ្នំពេញ ដើម្បីពិនិត្យមើលអំពីលទ្ធភាពដែលអាចជួយឲ្យប្អូនស្រី ជឿន សុខុន តាមនីតិវិធីច្បាប់។

ក្រោយពីបានសិក្សាទៅលើសាច់រឿងរបស់ប្អូនស្រីស្របតាមមូលដ្ឋានច្បាប់គ្រប់គ្រាន់ហើយ លោក ដួង តារា ក៏បានជួយលោកយាយ ឈុំ វ៉ាត រៀបចំដាក់ពាក្យស្នើសុំធានាកូនស្រីរបស់គាត់សុំនៅក្រៅឃុំបណ្តោះអាសន្ន និងសន្យាថា ពេលកូនស្រីគាត់ចេញពីមន្ទីរឃុំឃាំងវិញហើយ កូនស្រីគាត់នឹងខិតខំប្រឹងរកលុយសងគេវិញ លុយដែលប្អូនស្រីជំពាក់មនុស្សចំនួន ៦នាក់គឺសរុបទាំងអស់មានចំនួន ១៣ ០០០ ដុល្លារ។

ដោយមានការអាណិតអាសូរចំពោះប្អូនស្រី នឹងដោយការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានលះបង់គ្រប់យ៉ាងក្នុងរំដោះប្រទេសនាំមកនូវសុខសន្តិភាពសម្រាប់កម្ពុជា ដែលកំពុងផ្តល់ឱកាសជាច្រើនដល់អ្នកវិនិយោគទុន គឺមានសប្បុរសជនមួយចំនួនបានរៃលុយគ្នាយកទៅជួយប្អូនស្រីបានយកទៅសងអ្នកដែលគាត់ជំពាក់ប្រាក់ទាំង ៦នាក់បានចប់សព្វគ្រប់។ ក្រោយពីទទួលបានប្រាក់សំណងគ្រប់ចំនួនវិញហើយនោះ ដើមបណ្តឹងទាំង៦នាក់បានយល់ព្រមដកបណ្តឹងឈប់ប្តឹងផ្តល់ប្អូនស្រី ជឿន សុខុន តទៅទៀតហើយ។

លោក ដួង តារា បានបញ្ជាក់ថា ការជួយសម្របសម្រួលក្នុងករណីនេះ ជាការគិតគូប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ ហ៊ុន សែន ដែលលោកតែងតែសណ្តោសប្រណីនិងអាណិតអាសូរជួយដល់ពលរដ្ឋនៅគ្រប់ស្ថានភាពនឹងកាលៈទេសៈទាំងអស់។
នេះជាឱកាសដល់ស្រ្តីដែលមានកូនប្រាំនាក់និងម្តាយចាស់ជរាក្រីក្រក្នុងបន្ទុកឱ្យបានជួបជុំ និងកសាងជីវិតឡើងវិញ អារម្មណចេញផុតពីមន្ទីរឃុំឃាំងគឺហាក់ដូចជាបានកើតសារជាថ្មីម្តងទៀតជាមួយនឹងសិទ្ធិសេរីភាពនិងស្នាមញញឹម ហើយនេះគឺជាកាយវិការមនុស្សធម៍ មេត្តាធម៍ និងយុត្តិធម៍ សម្រាប់កូនចៅរបស់សម្តេច ទាំងអស់ដោយ សម្តេចតេជោ ចង់ផ្តល់សេចក្តីសុខឱ្យទាំងស្រ្តីកូនប្រាំនាក់ និងលោកយាយជាម្តាយចាស់ទទួលបានយុត្តិធម៍ដូចៗគ្នា ។

ប្អូនស្រី ជឿន សុខុន និងលោកយាយ ឈុំ វ៉ាត បានគោរពអរគុណយ៉ាងក្រៃលែងចំពោះទឹកចិត្តសណ្តោសប្រណីរបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ដែលសម្តេចទាំងទ្វេ តែងតែជួយប្រជាពលរដ្ឋ ជាពិសេសករណីប្អូនស្រីផ្ទាល់អោយបានជួបជុំកូនៗទាំង៥នាក់ និងក្រុមគ្រួសារជាទីស្រឡាញ់ឡើងវិញ និងដោយសន្យាធ្វើតែអំពើល្អ និងខិតខំរកស៊ីដើម្បីសងលុយគេវិញ។
លោក ដួង តារា បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូន សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចជាកាល គឺសម្តេចទាំងទ្វេតែងតែគិតដល់សុខទុក្ខរបស់ជនរួមជាតិទាំងអស់ ជាពិសេស ចំពោះកុមារ ចាស់ជរា និងជនទីទាល់ក្រ លោក ដួង តារា បានគោរពជូនពរ សម្តេចទាំងទ្វេ មានសុខភាពល្អបរិបូណ៍ អាយុយឺនយូរ ដើម្បីបន្តដឹកនាំប្រទេសជាតិឲ្យកាន់តែរីកចម្រើន ក្រោមម្លប់សន្តិភាពដ៏កក់ក្តៅសម្រាប់កូនចៅដែលតែងតែគាំទ្រ និងបោះឆ្នោតឲ្យគណបក្សប្រជាជន ដែលមាន សម្តេចតេជោ ហ៊ុ សែន បន្តដឹកនាំប្រទេសជារៀងរហូត៕