ទឹកភ្លៀងដែលជន់លិចផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល បានចុះស្រកហើយ ក្រោយពីអភិបាលរាជធានីចុះពិនិត្យ និងបញ្ជាកាយបើកមុខទឹកដោយផ្ទាល់

ភ្នំពេញ៖ គិតមកដល់ព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០នេះ ជំនន់ទឹកភ្លៀងដែលបានជន់លិចនៅផ្លូវជាតិលេខ៤ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យនិងខណ្ឌកំបូល បានស្រកចុះបណ្ដើរហើយ ក្រោយពីអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានចុះពិនិត្យជាក់ស្តែង និងបញ្ជាផ្ទាល់ឱ្យប្រើប្រាស់គ្រឿងចក្រកាយបង្ហូរទឹកនៅទីតាំងសំខាន់ៗមួយចំនួនក្នុងភូមិសាស្ត្រខណ្ឌទាំងពីរនេះ កាលពីយប់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០នេះ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រមាណ ១០យប់ថ្ងៃទី០២ ខែតុលា បានចុះទៅពិនិត្យនិងបញ្ជាផ្ទាល់ ឲ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌធ្វើការកាយប្រឡាយបើកមុខទឹក នៅចំណុចអមផ្លូវរទេះភ្លើងក្នុងភូមិត្រពាំងក្រសាំងសង្កាត់ត្រពាំងក្រសាំងនិងមួយទីតាំងទៀតនៅតាមបណ្ដោយផ្លូវរទេះភ្លើង ស្ថិតនៅក្នុងភូមិជង្រុកក្នុងសង្កាត់ត្រពាំងក្រសាំង។
ការប្រើគ្រឿងចក្រកាយបើកមុខទឹក២ទីតាំងនេះ វានឹងនាំទឹកហូរធ្លាក់ទៅប្រឡាយទួលសំពៅនិងបន្តហូរទៅស្ថានីយ៍បូមទឹកទួលសំពៅ ។

ប្រធានមន្ទីរសាធារណការប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ និងអភិបាលខណ្ឌពោធិ៍សែនជ័យ លោក ហែម ដារិទ្ធ និងលោក សេង គន្ធ អភិបាលរងខណ្ឌកំបូល នៅព្រឹកថ្ងៃទី០៣ តុលានេះ បានបញ្ជាក់ដូចគ្នាថា នៅពីព្រឹកថ្ងៃទី០៣ ខែតុលានេះ ទឹកជំនន់ទឹកភ្លៀងដែលបានជនលិចនៅតំបន់ផ្លូវជាតិលេខ៤ បានស្រកបណ្តើរហើយ ពោលគឺក្រោយពីលោកអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានចុះបញ្ជាផ្ទាល់ កាលពីយប់ថ្ងៃទី០២ តុលា ខណៈដែរភ្លៀងកំពុងធ្លាក់បណ្តាលឲ្យជន់លិចតំបន់មួយចំនួន ក្នុងភូមិសាស្ត្រខណ្ឌកំបូលនិងខណ្ឌពោធិ៍សែនជ័យ ពិសេសលើកំណាត់ផ្លូវជាតិ៤ និងក្នុងតំបន់មួយចំនួនក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្រោយពីកាយបើកមុខទឹកនេះ នឹងជឿជាក់ថា ចំណាត់ការរបស់អភិបាលរាជធានីភ្នំពេញមិនយូរទេ ក្នុងភូមិសាស្ត្រខណ្ឌកំបូលនិងខណ្ឌពោធិ៍សែនជ័យ ពិសេសលើកំណាត់ផ្លូវជាតិលេខ៤ ទឹកនឹងស្រុកអស់ជាក់ជាមិនខាន៕
















