សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើឯកសារទស្សនទានដើម្បីរៀបចំកម្មវិធីជាតិដំណាក់កាលទី២

នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពិភាក្សាលើឯកសារទស្សនទាន ដើម្បីរៀបចំកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ ដោយមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋាន នាយកដ្ឋានពាក់ព័ន្ធ ព្រមទាំងមន្ត្រីជំនាញជាច្រើនរូបផងដែរ។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា កិច្ចប្រជុំក្នុងថ្ងៃនេះគឺធ្វើឡើងក្នុងគោលបំណងរួមគ្នាពិនិត្យ ពិភាក្សា និងប្រមូលធាតុចូលបន្ថែមលើឯកសារទស្សនទាន ដើម្បីរៀបចំកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ ក្នុងន័យបន្តអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការអោយកាន់តែមានប្រសិទ្ធភាព។

សម្ដេចក្រឡាហោមបានបន្តថា កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី១ នឹងត្រូវបញ្ចប់ក្នុងឆ្នាំ២០២០នេះ ប៉ុន្តែមានបញ្ហាមួយចំនួនមិនទាន់បានដោះស្រាយចប់សព្វគ្រប់នៅឡើយ ដូចនេះ ត្រូវទាមទារឲ្យបន្តដោះស្រាយនៅក្នុងកម្មវិធីជាតិដំណាក់កាលទី២ ដើម្បីជាសក្ខីភាពបង្ហាញឲ្យឃើញថាកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ មានលក្ខណៈជាក់លាក់ និងទទួលលទ្ធផលល្អ។














គួរជម្រាបជូនថា ឯកសារទស្សនទាន ដើម្បីរៀបចំកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២នេះ ជាឯកសារត្រូវអនុម័តដោយរាជរដ្ឋាភិបាល ដើម្បីតម្រង់ទិសអំពីចក្ខុវិស័យ គោលបំណង គោលដៅ យុទ្ធសាស្ត្រ និងសមាសភាគសំខាន់ៗក្នុងការរៀបចំឯកសារលម្អិតនៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២។


ព្រមជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា សម្រេចរៀបចំតាក់តែងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ ក្នុងគោលបំណងបន្តដោះស្រាយនូវបញ្ហាប្រឈម បន្តអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឲ្យកាន់តែស៊ីជម្រៅ និងបន្តចូលរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤៕ ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា