ឯកឧត្តម នេត ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានអះអាងថា ការលក់ឥណទានកាបូន គឺជាការលើកស្ទួយមុខមាត់ កិត្តិយសរបស់កម្ពុជា នៅលើឆាកអន្តរជាតិ

ឯកឧត្តមរដ្ឋលេខាធិការមានប្រសាសន៍បែបនេះ ក្នុងឱកាសចូលរួមជាអធិបតីក្នុងវេទិកាពិភាក្សាមួយ ដែលរៀបចំឡើងដោយក្រសួងបរិស្ថាន នាព្រឹកថ្ងៃពុធ ៥រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពស ២៥៦៤​ ត្រូវនឹងថ្ងៃទី០៧​ ខែតុលា ឆ្នាំ២០២០ នៅសណ្ឋាគារកាំបូឌីយ៉ាណា ដែលជាផ្នែកមួយនៃសិក្ខាសាលាស្តីពី «ពង្រឹងការអភិរក្ស និងការគ្រប់គ្រងប្រព័ន្ធតំបន់ការពារធម្មជាតិ»។

យោងតាមប្រសាសន៍ឯកឧត្តម នេត ភក្ត្រា ចាប់តាំងពីឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០២០នេះ កម្ពុជាបានលក់ឥណទានកាបូននៅក្នុងទីផ្សា​រ​ស្ម័គ្រ​ចិត្ត បានថវិកាចំនួន ១១,៦លានដុល្លារ ហើយ​ការលក់ឥណទានកា​បូ​ននេះគឺបានលក់នៅក្នុងទីតាំងចំនួនបី រួមមាន ដែនជម្រកសត្វព្រៃកែវសីមា ឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូង និងដែនជម្រកសត្វ​ព្រៃតា​តៃ។

ឯកឧត្តមអ្នកនាំពាក្យបានគូសបញ្ជាក់ថា៖ « ការលក់ឥណទានកាបូននេះបានបង្ហាញថា កម្ពុជាការពារបាននូវតំបន់ការពារធម្មជាតិ ក៏ដូចជាធនធានធម្មជាតិបានយ៉ាងល្អប្រសើរ ដែលធ្វើឱ្យកម្ពុជាចៀសផុតពីការលាបពណ៌ថា កម្ពុជាជាប្រទេសដែលកាប់ឈើច្រើនជាងគេ និងបានក្លាយជាប្រទេសដែលឈានមុខគេក្នុងការលក់ឥណទានកាបូន»។​

ឯកឧត្តម នេត ភក្ត្រា ​បានបញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្តរបស់ក្រសួងបរិស្ថាន ក្នុងការសហការជាមួយក្រុមឧទ្យានុរក្ស អាជ្ញាធរដែនដី និងដៃគូអភិវឌ្ឍន៍ ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ប្រកបដោយចីរភាព។​

កាលពីខែកក្កដា កន្លងទៅនេះ ឯកឧត្ដមរដ្ឋលេខាធិការបានឱ្យទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ដឹងថា​ កម្ពុជាកំពុងតែឈានដល់ការលក់ឥណទានកាបូននៅតំបន់​ផ្សេ​ង​​ៗ​ទៀ​តដូចជា នៅដែនជម្រកស​ត្វ​ព្រៃ​ព្រៃឡង់នៅក្នុងខេត្តស្ទឹងត្រែង។ ឯកឧត្ដមបានលើកឡើងថា ព្រៃឈើដែលកម្ពុជាមាននេះ គឺ​វាបានប​ញ្ចេញកាបូនរាប់លានតោនហើយ ដោយនៅក្នុងមួយតោនៗ លក់នៅក្នុងគម្រោងត​ម្លៃ​ច​ន្លោះពី៣ដុល្លារ ទៅ៦ដុល្លារអាម៉េរិក។ ឯកឧត្ដម​បានបន្តថា ឥឡូវនេះគឺយើងលក់បានចន្លោះនៅក្រោម១០លានតោននៅឡើយ​ទេ ហើយយើងបានថវិកាប្រមាណ១១,៦លានដុល្លារ ដោយ​ថវិកាដែលទទួលបានពីការលក់កាបូននេះ ត្រូវ​បានប្រើប្រាស់សម្រាប់ការអភិរក្សធនធានធម្មជាតិ ក៏ដូច​ជាការចូលរួមនៅក្នុងការអភិវឌ្ឍសហ​គមន៍ការពារធនធានធម្មជាតិ។ ឯកឧត្ដមបានបន្ថែមដែរថា នេះជាផលប្រយោជន៍នៃការលក់​ឥណទាន​កាបូន​ដែ​ល​​​រ​ក្សាឈើ​ឈរឱ្យបានដើម្បីលក់តួនាទីរបស់ឈើនេះ នៅក្នុងការងារការ​ពារ​ប្រព័​ន្ធ​​អេ​កូឡូស៊ី ការពារប្រព័ន្ធបរិស្ថានរបស់យើងក៏ដូចជាចូលរួមអភិវឌ្ឍសហគមន៍​មូល​ដ្ឋាន​ដែរ។ លើសពីនេះទៀត កម្ពុជាបាននិងកំពុងស្វះស្វែងរកដៃគូផ្សេងៗទៀត ដើម្បីបន្តទិញឥណទានកាបូ​ននេះប​ន្ថែ​ម​ទៀ​ត ហើយចំពោះក្រុមហ៊ុន ដែលបានទិញឥណទានកាបូនក្នុងទីផ្សារស្ម័គ្រចិត្ត មានក្រុមហ៊ុន Disney ក្រុមហ៊ុន Shell និងក្រុមហ៊ុន Gucci។

សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ រាជរដ្ឋាភិ​បាល​បា​ន​ប​ង្កើ​ន​ផ្ទៃ​ដីតំបន់ការពារធម្ម​ជាតិ​ ដែលស្ថិតនៅក្រោមយុត្តាធិការរបស់ក្រសួងបរិស្ថាន រហូតដ​ល់​ប្រ​មាណ ៤១ភាគរយ នៃផ្ទៃដី​ប្រទេសកម្ពុជា គឺស្មើនឹងប្រមាណ ៧,៣ លានហិ​កតា ​ដែ​ល​ក្នុ​ង​នោះ​​​មានឧទ្យានជាតិ ដែន​ជម្រកសត្វព្រៃ តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់រ៉ាមសារ តំបន់​កា​រ​ពា​រ​​បេតិកភណ្ឌធម្មជាតិ និង​របៀងអភិរក្សជីវចម្រុះ សរុបជិត​ ៧០ កន្លែង និង​មា​ន​ម​ន្ត្រី​ឧ​ទ្យា​នុ​រ​ក្សចំនួន ១ ២៦០នាក់ ៕

អត្ថបទដែលជាប់ទាក់ទង