ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួនក្រោយឆក់ខ្សែកបុរសម្នាក់ ហើយរត់គេចខ្លួនពីខណ្ឌទួលគោក មកសម្ងំនៅផ្ទះក្នុងខណ្ឌដង្កោ

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលប៉ុស្ត៍ដង្កោ និងខណ្ឌដង្កោ ធ្វើការស្រាវជ្រាវ ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខចំនួន ២នាក់ ក្រោយធ្វើសកម្មភាពឆក់ខ្សែកពីបុរសម្នាក់ ក្នុងទឹកដីខណ្ឌទួលគោក ។

សូមបញ្ជាក់ថា ជនសង្ស័យដែលចាប់ខ្លួនបាននេះរួមទាំងបក្ខពួក បានធ្វើសកម្មភាពឆក់ខ្សែក ពីបុរសម្នាក់បានសម្រេចកាលពីវេលាម៉ោងប្រហែល ៦ជាង ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ នៅចំណុចម្តុំផ្សារដេប៉ូ ក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងចាប់ខ្លួនបាននៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនបាន មានឈ្មោះ ឃាង វណ្ណៈ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះក្នុងបុរីហុកឆេង ភូមម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ និងមានស្រុកកំណើតនៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធសែនជ័យ ។
ក្នុងនោះសមត្ថកិច្ចដកហូតបានម៉ូតូមួយគ្រឿងម៉ាក ហុងដាPCX ពណ៌ស ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ 1IK-5814 ។

សមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង៦ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ ជនសង្ស័យមានគ្នា ២នាក់ បានជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់ខ្សែក ពីបុរសម្នាក់បានសម្រេច ហើយរត់គេចខ្លួនបាត់ ។ ក្រោយមកជនរងគ្រោះបានដាក់ពាក្យបណ្តឹង ទើបកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលប៉ុស្ត៍ដង្កោ និងខណ្ឌដង្កោធ្វើការស្រាវជ្រាវ ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខចំនួន ២នាក់នេះតែម្តង ដោយកមកសាកសួរនៅប៉ុស្តិ៍ និងកសាងសំណុំប្រគល់ឲ្យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ចាត់ការតាមច្បាប់បន្តទៀត ៕ ដោយ១៩
