ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំង ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យស្ថានភាពទឹកដែលបានជន់លិចក្រុងពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ នៅវេលាម៉ោង ២១:០០នាទីយប់ថ្ងៃសុក្រ ៧រោជ ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំង ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ អមដំណើរដោយថ្នាក់ដឹកនាំ ក្រុមមន្រ្តីបច្ចេកទេស និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានចុះពិនិត្យស្ថានភាពទឹកដែលបានជន់លិចក្រុងពោធិ៍សាត់ ។
សូមជម្រាបជូនថា បន្ទាប់ពីទទួលបរិមាណទឹកភ្លៀងធ្លាក់ខ្លាំងនៅផ្នែកខាងលើពីតំបន់ជួរភ្នំក្រវាញក្នុងកំឡុងពេលព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលព្យុះ និងវិសម្ពាធទាបនាប៉ុន្មានសប្តាហ៍កន្លងមកនេះ បានបណ្តាលឲ្យទឹកស្ទឹងពោធិ៍សាត់បានឡើងដល់កម្ពស់ ៥,៥២ម៉ែត្រ លើសកម្ពស់ទឹកប្រុងប្រយ័ត្ន ៥,០០ម៉ែត្រ ធ្វើឲ្យជន់លិចក្រុងពោធិ៍សាត់ អស់មួយផ្នែក ។
ដើម្បីដោះស្រាយ និងបន្ធូរសភាពទឹកស្ទឹងពោធិ៍សាត់ជន់លិចក្រុង ឯកឧត្តមរដ្ឋមន្រ្តី បានចាត់ឲ្យក្រុមការងារ បច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយម សហការជាមួយបុគ្គលិកជំនាញក្រុមហ៊ុន Guangdong Foreign Construction Co.Ltd បើកទ្វារទឹក(ទ្វា ០៤) នៅសំណង់ស្ទាក់ទឹកដំណាក់អំពិលទាំងយប់ ដើម្បីបន្ថយបរិមាណទឹកស្ទឹងពោធិ៍សាត់ ដោយបើកបង្ហូរទឹកទៅផ្នែកខាងក្រោមតាមស្ទឹងស្វាយដូនកែវ ហើយទម្លាក់ចូលទៅបឹងទន្លេសាប ។
បើតាមស្ថានភាពបន្ថយបរិមាណទឹកស្ទឹងពោធិ៍សាត់ទៅផ្នែកខាងក្រោម និងអាកាសធាតុមិនមានភ្លៀងបន្ថែមទៀតនាពេលដ៏ខ្លីខាងមុខ ទឹកស្ទឹងពោធិ៍សាត់នឹងឆាប់ស្រក ហើយវិលត្រលប់មកធម្មតាដូចមុនវិញ ៕










