ឯកឧត្តម លឹម គានហោ បន្តបេសកកម្មដឹកនាំក្រុមការងារបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃសៅរ៍ ៨រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងឯកឧត្តម គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេសនិងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម ម៉ៅ ចន្ទតារា រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុករុក្ខគិរី ឯកឧត្តម នួន រតន: អភិបាលនៃគណ:អភិបាលខេត្តបាត់ដំបង អមដំណើរដោយថ្នាក់ដឹកនាំ ក្រុមមន្រ្តីបច្ចេកទេស និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងយ៉ាងគំហុកដែលបានហូរបុកផ្តាច់ទំនប់អាងទឹកបាសាក់ ស្ថិតនៅឃុំព្រែកជីក និងឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង ធ្វើឲ្យលិចលង់ដល់ភូមិឋានប្រជាពលរដ្ឋ និងប៉ះពាល់ដំណាំដាំដុះក្នុងភូមិសាស្រ្តខាងលើនេះ និងផ្នែកទំនាបនៅខាងក្រោម ។
ជារួម ទឹកជំនន់ទឹកភ្លៀងនេះ បានស្រកជាបណ្ដើរៗហើយនៅប៉ែកខាងលើ គឺនៅឃុំបាសាក់ និងផ្នែកមួយចំនួននៃឃុំព្រែកជីក ស្រុករុក្ខគិរី ប៉ុន្តែវានឹងបង្កការជន់លិចទៅផ្នែកខាងក្រោមក្នុងស្រុកមោងឫស្សីជាបន្ត ។
ក្រោយពីចុះពិនិត្យជាក់ស្តែងដល់ទីតាំងដែលជួបរងគ្រោះជំនន់ទឹកភ្លៀងនាព្រឹកនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម ព្រមទាំងសហការីខាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបន្តបេសកកម្មជួយប្រជាពលរដ្ឋជាបន្ត ។
ចំណែក ឯកឧត្តមរដ្ឋមន្រ្តី លឹម គានហោ ព្រមទាំងសហការីថ្នាក់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ព្រមទាំងមន្ត្រីបច្ចេកទេសរួមដំណើរទាំងអស់ បានសម្រេចចេញនូវផែនការទប់ទំនប់អាងទឹកបាសាក់ឡើងវិញជាបន្ទាន់ដោយប្រើប្រាស់គ្រឿងចក្ររបស់ក្រុមហ៊ុនកូរ៉េដែលកំពុងប្រតិបត្តិការនៅទំនប់ដូនទ្រីក្បែរនោះស្រាប់ ដោយប្រើគ្រឿងចក្រធុនធ្ងន់ ចំនួន ១៨គ្រឿង ចាក់ល្បាយថ្ម ទំហំ ៦០ស.ម និងដីជួសជុលចាក់បិទទំនប់ដេញមកបណ្តើរៗ និងចុងម្ខាងទៀតបានត្រៀមគ្រឿងចក្រធុនធ្ងន់ចំនួន ១៤គ្រឿង គឺបានត្រៀមមធ្យោបាយស្ទើរគ្រប់គ្រាន់ទាំងអស់ ហើយធ្វើការវាយសម្រុកជួសជុលបិទភ្ជិតទំនប់ដែលដាច់ឲ្យជាប់ដូចដើមក្នុងរយ:ពេល ២ រឺ ៣ថ្ងៃ បើទោះបីស្ពានបេឡេដែលខេត្តសន្យាជួយតភ្ជាប់ផ្លូវមិនទាន់រួចក៏ដោយ ដើម្បីបញ្ចៀសគ្រោះមហន្តរាយបន្ថែម និងរក្សាទឹកជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ និងសម្រាប់ការងារបង្កបង្កើនផលនាពេលខាងមុខ ។
ក្រៅពីជំនន់ទឹកភ្លៀងនៅក្នុងស្រុករុក្ខគិរី និងស្រុកមោងឫស្សី ស្រុកមួយចំនួនទៀតក្នុងខេត្តបាត់ដំបង រួមមានស្រុកសំឡូត ស្រុកសំពៅលូន ស្រុកភ្នំព្រឹក និងស្រុកបវេល ក៏កំពុងប្រឈមដោយការយាយីពីជំនន់ទឹកភ្លៀងនេះផងដែរ ។
ថ្នាក់ដឹកនាំក្រសួង មន្ទីរធនធានទឹក និងឧតុនិយម គ្រប់រាជធានី-ខេត្ត អាជ្ញាធរពាក់ព័ន្ធ បានបន្តតាមដាន និងធ្វើការអន្តរាគមន៍ជាបន្តបន្ទាប់លើគ្រោះមហន្តរាយជំនន់ទឹកភ្លៀងនាពេលបច្ចុប្បន្ននេះ ៕













