វគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្ដីពី “ការអាន និងការប្រើប្រាស់ផែនទី”

ខេត្តសៀមរាប៖ នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) នឹងរៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្ដីពី “ការអាន និងការប្រើប្រាស់ផែនទី” ដោយមានការចូលរួមពីសំណាក់សិក្ខាកាមមកពីរាជធានីខេត្តនានា។
ទន្ទឹមនឹងវគ្គបណ្តុះបណ្តាលជាគ្រូបង្គោលនេះ អង្គការទិន្នន័យអំពីការអភិវឌ្ឍ ក៏បានសហការជាមួយនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន ក៏បានរៀបចំសិក្ខាសាលាស្តីពី ការវាយតម្លៃការយល់ដឹងអំពីការអាន និងការប្រើប្រាស់ផែនទី ចំនួន០៣ លើករួចមកហើយ ដោយបានប្រព្រឹត្តទៅក្នុងខែមីនា មិថុនា និងខែសីហា ឆ្នាំ២០១៩ កន្លងមក ដែលមានសិក្ខាកាមចូលរួមសរុប ៩២ នាក់ ជាគណៈគ្រប់គ្រងសាលារៀន លោកគ្រូអ្នកគ្រូ ។
វគ្គបណ្ដុះបណ្ដាលនេះមានគោលដៅពង្រឹងសមត្ថភាពគ្រូបង្រៀនក្នុងការអាន និងការប្រើប្រាស់ផែនទីបែបឌីជីថលនៅតាមសាលារៀន។ វគ្គបណ្ដុះបណ្ដាលពង្រឹងពុទ្ធិបន្ថែមដល់សិស្សានុសិស្ស អំពីរបៀបប្រើប្រាស់ផែនទីឌីជីថល នៅលើទូរស័ព្ទឆ្លាតវៃ ឬក៏កុំព្យូទ័រ ការសិក្សាពាក្យវាក្យសព្ទ ការរៀនអំពីរបៀបអានផែនទី គំនូសតាង និងតារាងនានា អភិវឌ្ឍជំនាញក្នុងការអាន និងបង្កើតផែនទី ការស្រាវជ្រាវកំពុងសិក្សានៅកម្រិតវិទ្យាល័យ ទទួលបាននូវចំណេះដឹងថ្មីៗបន្ថែមទៀតទាក់ទងទៅនឹង មុខវិជ្ជា ICT បែបភូមិវិទ្យា។
សូមជម្រាបថា សៀវភៅអំណានថ្មី “ការអាន និងការប្រើប្រាស់ផែនទី” នេះនឹងប្រើប្រាស់នៅមធ្យមសិក្សាទុតិយភូមិ សម្រាប់បណ្ដុះបណ្ដាលបន្តដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស និងស្នើសុំសិក្ខាកាមចូលរួមការដៅសាលារៀននៅលើផែនទី ដើម្បីឱ្យគ្រប់សាលាទាំងអស់អាចចែករំលែកជាព័ត៌មានសាធារណៈ សម្រាប់ងាយស្រួលស្វែងរកផែនទីកាន់តែមានភាពងាយស្រួល។ ការកែលម្អសៀវភៅចុងក្រោយដែលបាន រៀបចំ ចំនួន០៣ លើកកន្លងទៅ នឹងចេញលទ្ធផលឆាប់ៗនេះ ព្រមទាំងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សម្រាប់ការអប់រំអំពីការអាន និងការប្រើប្រាស់ផែនទី សម្រាប់មធ្យមសិក្សាទុតិយភូមិ៕





