សម្តេចនាយករដ្ឋមន្រី ហ៊ុន សែន និងឯកឧត្តម វ៉ាង យី អញ្ជើញធ្វើជាអធិបតី ពិធីចុះហត្ថលេខាលើហិរញ្ញប្បទានសហប្រតិបត្តិការរវាងកម្ពុជា និងចិន

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិត​ចិន អញ្ជើញជាអធិបតី ពិធីចុះហត្ថលេខា​លើហិរញប្បទានសហប្រតិបត្តិការ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន នៅវិមាន​សន្តិភាព រាជធានីភ្នំពេញ នាវេលាថ្ងៃត្រង់ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ឬហៅថា FTA គឺជាកិច្ចព្រមព្រៀងលើកលែងរបាំងពន្ធអាករទៅវិញទៅមករវាងប្រទេសមួយ និងប្រទេសមួយទៀត។ កិច្ចព្រមព្រៀងនេះ នឹងសម្រួលជាមួយរបាំងពន្ធអាករ ការកំណត់ចំនួនទំនិញ ដែលគេអាចយល់បានថា ជាការធ្វើសេដ្ឋកិច្ចបែបផែនទីផ្សារសេរី ឬ ក្នុងអត្ថន័យរួមបញ្ចូលសេដ្ឋកិច្ចតែមួយ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ មិនត្រឹមតែជាការព្រមព្រៀងត្រឹមការលើកលែងរបាំងពន្ធអាករនោះទេ តែបានគ្របដណ្តប់លើវិស័យជាច្រើនទៀត មានដូចជាផ្នែកសេវាកម្ម វិនិយោគ កិច្ចសម្រួលពាណិជ្ជកម្ម ការលុបបំបាត់របាំងមិនមែនពន្ធគយជាដើម។

ដោយសារតែកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ជាការបើកចំហរទីផ្សារដ៏ធំរវាងប្រទេស និងប្រទេសបែបនេះហើយ ទើបនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងលោក វ៉ាង ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេស នៃសាធារណៈរដ្ឋប្រជាមានិតចិន បានធ្វើជាអធីបតី នៃពិធីចុះហត្ថលេខា នៅវិមានសន្តិភាព ក្នុងប្រទេសកម្ពុជា។ បន្ទាប់ពីបានបិទបញ្ចប់ការសិក្សារួមគ្នារវាងភាគីទាំង២កាលពីខែកក្កដា កន្លងទៅ។

យ៉ាងណាមិញក្រៅពីការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន កម្ពុជាក៏បានកំពុងសិក្សាចរចាជាមួយកូរ៉េខាងត្បូងផងដែរ។ បន្ថែមពីនេះប្រទេសកម្ពុជា ក៏គ្រោងនឹងធ្វើការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសផ្សេងៗទៀត តួយ៉ាងប្រទេសអង់គ្លេស, អាមេរិក, ជប៉ុន, ម៉ុងហ្គោលី, ឥណ្ឌា និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ាន (EAEU)។ សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ាន (EAEU) មានសមាជិកចំនួន៥ គឺប្រទេសអាមេនី, បេឡារុស, កាហ្សាក់ស្ថាន, កៀហ្ស៊ីស្ថាន និងសហព័ន្ធរុស្ស៊ី។ ត្រង់ចំណុចនេះ ក្រសួងពាណិជ្ជកម្មបានបង្កើតក្រុមការងារ ដើម្បីរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រចរចាជាមួយប្រទេសគោលដៅទាំងអស់នេះរួចរាល់អស់ហើយដែរ។

សូមបញ្ជាក់ថា ប្រទេសចិន គឺជាប្រភពធំបំផុតនៃការវិនិយោគផ្ទាល់ពីបរទេសក៏ដូចជាភ្ញៀវទេសចរមកកាន់កម្ពុជា ហើយក៏ជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុតរបស់កម្ពុជា។ ជាក់ស្ដែង នៅក្នុងឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងចិន មានចំនួនសរុបប្រមាណ ៦,៥ពាន់លានដុល្លារ កើនឡើង១៥ភាគរយ បើធៀបនឹងឆ្នាំ២០១៧ ដែលមានតម្លៃត្រឹមតែ ៥,៦ពាន់លានដុល្លារ។ ហើយនៅក្នុងឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ ទំហំពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរ កើនឡើងដល់ចំនួន ៨,២ពាន់លានដុល្លារ ដែលកើនឡើងលើសឆ្នាំ២០១៨ ដល់ទៅប្រមាណ២៧ភាគរយ៕

អត្ថបទដែលជាប់ទាក់ទង