បើកបង្ហាញផ្ទាំងគំនូរដែលបានគូសឡើងនៅក្នុងកម្មវិធីសិល្បៈគំនូរលើជញ្ជាំង ឬ Street Art Fest++ នៅទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជាសាខារាជធានីភ្នំពេញ
ឯកឧត្តម Michael Tan ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសិង្ហបុរី ព្រមទាំងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានបើកបង្ហាញផ្ទាំងគំនូរដែលបានគូសឡើងនៅក្នុងកម្មវិធីសិល្បៈគំនូរលើជញ្ជាំង ឬ Street Art Fest++ នៅឯទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជាសាខារាជធានីភ្នំពេញ នៅជ្រោយចង្វារ នៅល្ងាចនេះ។ ដោយបានផ្តល់ជាអំណោយដ៏សប្បុរសទៅកាន់សហភាពសហព័ន្ធយុវជនកម្ពុជាដោយក្រុមហ៊ុន OV Investment និងត្រូវបានដាក់ឈ្មោះថា “ផ្ទាំងគំនូរសហគមន៍ទី១” ផ្ទាំងគំនូរនេះជាផ្ទាំងគំនូរដែលត្រូវបានដាក់ជាសាធារណៈដំបូងគេនៅក្នុងកំឡុងពេលបើកជាផ្លូវការនៃកម្មវិធីសិល្បៈគំនូរលើជញ្ជាំង ឬ Street Art Fest++ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០។ សហភាពសហព័ន្ធយុវជនកម្ពុជាក៏ជាដៃគូរសម្រាប់ទំនាក់ទំនងសហគមន៍របស់កម្មវិធីសិល្បៈនេះផងដែរ។
ជានិមិត្តរូបនៃភាពជោគជ័យ ប្រជាប្រិយភាព និងភាពធន់ ផ្ទាំងគំនូរនេះមានភ្ជាប់ជាមួយសញ្ញា និងហត្ថលេខានៃសាធារណជន និងឥស្សរជនរដ្ឋាភិបាលរួមមានឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងតារាជាច្រើនដូចជា Small World Small Band (ក្រុមតូច)ជាដើម ផ្ទាំងគំនូរនេះត្រូវបានបំពេញក្នុងចុងសប្តាហ៍ទីមួយ ហើយគំនូរមួយផ្ទាំងនេះក៏ជាផ្ទាំងគំនូរដែលត្រូវបានគេថតច្រើនជាងគេនៅក្នុងរយៈពេលពីរសប្តាហ៍នៃកម្មវិធីសិល្បៈនេះផងដែរ៕