ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប អញ្ជើញចូលរួមពិធីសច្ចាប្រណិធានជូនដល់កាយរឹទ្ធកម្ពុជាខេត្តសៀមរាប និងពិធីជប់លៀងដើម្បីអបអរសាទរ ទិវាសន្តិភាព ២០២០

ខេត្តសៀមរាប៖ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តបានអញ្ជើញចូលរួមពិធីសច្ចាប្រណិធានជូនដល់កាយរឹទ្ធកម្ពុជាខេត្តសៀមរាប និងពិធីជប់លៀងដើម្បីអបអរសាទរ ទិវាសន្តិភាព ២០២០ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកាយរិទ្ធកម្ពុជា។

ឯកឧត្តម អភិបាលខេត្តបានថ្លែងអំណរគុណចំពោះកាយរឹទ្ធជាតិកម្ពុជា ដែលមានឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្រ្តីជាប្រធាន ដែលបានជ្រើសរើសយកខេត្តសៀមរាប ក្នុងការរៀបចំពិធីជិះកង់ដើម្បីអបអរសាទរ សន្តិភាពឆ្នាំ២០២០ នៅលើទឹកដីខេត្តសៀមរាប-អង្គរដ៏បវរនៃយើង។ ការប្រារព្ធខួបអបអរសាទរទិវាសន្តិភាព ២១ កញ្ញា ២០២០ ក្រោមប្រធានបទ «ការកសាងសន្តិភាពជាមួយគ្នា» បានប្រព្រឹត្តទៅទន្ទឹមនឹងការប្រារព្ធខួបលើកទី៧៥ នៃអង្គការសហប្រជាជាតិ ដែលជាទិវាដ៏មានសារៈសំខាន់ សម្រាប់សហគមន៍អន្តរជាតិ ក្នុងការសម្ដែងចេញនូវសាមគ្គីភាព រួមគ្នាការពារ ពហុភាគីនិយម គោលបំណង និងគោលការណ៍នៃធម្មនុញ្ញ របស់អង្គការសហប្រជាជាតិ ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍសម្រាប់មនុស្សសុជាតិ។ ជាក់ស្តែងនាថ្ងៃនេះ កាយរឹទ្ធជាតិកម្ពុជា សហការជាមួយរដ្ឋបាលខេត្ត និងកាយរិទ្ធជាតិកម្ពុជា ខេត្តសៀមរាប រៀបចំកម្មវិធីពិសាអាហារសាមគ្គី និងកម្មវិធីជិះកង់នៅលើទឹកដីខេត្តសៀមរាប ក្នុងគោលបំណងលើកកម្ពស់ ការយល់ដឹង ពីអត្ថន័យនៃសន្តិភាពឱ្យកាន់តែទូលំទូលាយ ពង្រឹងសាមគ្គីភាព ឯកភាពជាតិ បន្តជំរុញស្មារតី និងពួតដៃគ្នាជាធ្លុងមួយ ថែរក្សាឲ្យបានគង់វង្ស នូវសុខសន្តិភាពយូរអង្វែង សំរាប់កម្ពុជាយើង និងពិភពលោក ដើម្បីបោះជំហានបន្តទៅមុខលើវិថីអភិវឌ្ឍ និងការរីក​ចម្រើន។

ឯកឧត្តមបានបន្ថែមថា ក្នុងរយៈពេលកន្លងទៅនេះ កាយរឹទ្ធ ច្បង កាយរឹទ្ធប្អូនយើង បានចូលរួមធ្វើការងារសង្គមជាច្រើន រួមមាន៖ ចូលរួមដាំកូនឈើ ចូលរួមផ្សព្វផ្សាយអំពីការរីករាលដាលនៃជំងឺកូវីដ-១៩ ចូលរួមផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោគ ចូលរួមជិះកង់ដើម្បីស្វែងរកមូលនិធិ ជួយដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត ចូលរួមផ្សព្វផ្សាយអំពីការសម្អាតអនាម័យ បរិស្ថាន។ល។

ជាមួយនេះដែរ ក្នុងនាមកាយរឹទ្ធជាតិកម្ពុជាខេត្តសៀមរាប ឯកឧត្តម សំណូមពរ ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកាយរឹទ្ធជាតិកម្ពុជា មេត្តាជួយផ្តល់នូវគ្រឿងឥស្សរិយស ជូនដល់កាយរឹទ្ធជាតិកម្ពុជាខេត្តសៀមរាប ដើម្បីពាក់ជូននូវកាយរឹទ្ធ ដែលមានស្នាដៃនៅតាមបណ្តាលក្រុង-ស្រុកទាំង១២៕ ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

អត្ថបទដែលជាប់ទាក់ទង