ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធប្រមាណជាង៣០០នាក់ រៀបចំបាវដាក់ខ្សាច់ លើកជាទំនប់សម្រាប់ទប់ទឹក ស្ថិតនៅចំណុចផ្លូវវាងក្រុង

ខេត្តស្វាយរៀង៖ ដោយក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់បានធ្វើឲ្យកម្ពស់ទឹកទន្លេវ៉ៃគោហក់ឡើងខ្លាំង ដល់កម្រិតដែលត្រូវប្រុងប្រយ័ត្ន និងមានទឹកហូរកាត់ផ្លូវជាអន្លើៗនៅចំណុចផ្លូវវាងក្រុង នៅរសៀលថ្ងៃពុធ ១១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធប្រមាណជាង៣០០នាក់ រៀបចំបាវដាក់ខ្សាច់ លើកជាទំនប់សម្រាប់ទប់ទឹក ស្ថិតនៅចំណុចផ្លូវវាងក្រុង ចាប់ពីសង្កាត់ពោធិ៍តាហោ ដល់សង្កាត់គយត្របែក ក្រុងស្វាយរៀង ដើម្បីជាវិធានការបង្កាផលប៉ះពាល់ និងការខូចខាតជាយថាហេតុ ដោយសារជំនន់ទឹកភ្លៀងដែលអាចកើតឡើងនាពេលខាងមុខប្រសិនបើភ្លៀងនៅតែបន្តធ្លាក់បន្ថែមទៀត។
ជាមួយនេះឯកឧត្តមអភិបាលខេត្ត និងមន្ត្រីពាក់ព័ន្ធ ក៏បានជិះអូប័រពិនិត្យមើលពីស្ថានភាពអាងទឹកទន្លេវ៉ៃគោផងដែរ ៕






