អាជ្ញាធរខេត្តកោះកុង បន្តធ្វើយុទ្ធនាការសម្អាតអនាម័យជុំវិញមាត់សមុទ្រសួនច្បារមុខសាលាខេត្ត ដើម្បីបន្តពញាក់ស្មារតីពលរដ្ឋលើការងារអនាម័យបរិស្ថាន

ថ្ងៃពុធទី១៤ ខែតុលា ឆ្នាំ២០២០ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំមន្ត្រីរាជការចំណុះសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត សាខាកាកបាទក្រហមខេត្ត យុវជនកាកបាទក្រហម និងសិស្សកាយារិទ្ធិ ដើម្បីបន្តធ្វើយុទ្ធនាការសម្អាតអនាម័យជុំវិញមាត់សមុទ្រសួនច្បារមុខសាលាខេត្ត ដើម្បីបន្តពញាក់ស្មារតីពលរដ្ឋលើការងារអនាម័យបរិស្ថាន។
យុទ្ធនាការលើកកម្ពស់សោភ័ណភាពមាត់សមុទ្រសួនច្បារមុខសាលាខេត្ត នេះ លោកជំទាវ តែងតែដឹកនាំចុះធ្វើជាបន្តបន្ទាប់ក្នុងន័យបំផុសឲ្យពលរដ្ឋគិតគូរយកចិត្តទុកដាក់ ក្នុងការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ក្នុងគោលបំណងដើម្បីអបអរសាទរ «ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២០» ក្រោមប្រធានបទ «ទេសចរណ៍និងការអភិវឌ្ឍជនបទ»រួមជាមួយ«ទិវាពិភពលោកស្អាតលើកទី០៣» ក្រោមការរៀបចំដោយរដ្ឋបាលខេត្ត សហការជាមួយមន្ទីរទេសចរណ៍ និងមន្ទីរបរិស្ថានខេត្តកោះកុង។
ក្នុងឱកាសនោះ លោកជំទាវអភិបាលខេត្ត បានធ្វើការអានសារលិខិត របស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរទិវារទេសចរណ៍ពិភពលោក នាពេលកន្លងទៅលោកជំទាវ មិថុនា ភូថង អភិបាលខេត្ត បានសម្តែងនូវការសាទរនូវខ្លឹមសារដ៍មានអត្ថន័យ ក្នុងស្មារតីរបស់រាជរដ្ឋាភិបាលកម្ពុជា បន្តលើការងារថែរក្សាអនាម័យតាំងពីទីក្រុង រហូតដល់ជនបទ គោលដៅទាក់ទាញភ្ញៀវទេសចរ បើទោះបីក្នុងកាលៈទេសៈដ៏លំបាក ក្នុងគ្រានៃការផ្ទុះរីករាលដាលនៃជំងឺកូវីដ-១៩នេះក៍ដោយ។
ថ្លែងទៅកាន់មន្ត្រីរាជការ និងសិស្សានុសិស្ស លោកជំទាវអភិបាលខេត្ត បានលើកឡើងថា “អនាម័យ ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីសុខភាព” ពោលគឺ អនាម័យគឺផ្តើមចេញពីយើងម្នាក់ៗគ្រប់ៗគ្នា ដោយផ្តើមចេញពីការចេះស្រលាញ់ភាពស្អាត មានអនាម័យ ចេះទុកដាក់សំរាម អោយបានត្រឹមត្រូវ និងមានសុវត្ថិភាពដោយមិនបោះចោលពាសវាលពាសកាល នោះសុខភាពយើង នឹងល្អទាំងអស់គ្នា។
លោកជំទាវ ក៏បានផ្តាំផ្ញើដល់មន្ត្រីរាជការ និងសិស្សានុសិស្សទាំងអស់ ត្រូវធ្វើជាគំរូដ៏ល្អដល់ក្រុមគ្រួសារ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន លើការងារអនាម័យនេះ ដើម្បីសោភ័ណភាព និងសុខភាពរបស់យើង ពិសេសត្រូវបន្តថែរក្សាអនាម័យ ដើម្បីបន្តរួមគ្នាការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩៕ ប្រភព៖ រដ្ឋបាលខេត្តកោះកុង












