ប្រជាពលរដ្ឋរងគ្រោះជំនន់ទឹកភ្លៀងក្នុងស្រុកកណ្ដាលស្ទឹងប្រមាណ ៣០០គ្រួសារ ទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា

ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្ដាល ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត​និងឯកឧត្តម​បណ្ឌិត​ ឈុន ស៊ីរុន តំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល ដោយមានការអមដំណើរឯកឧត្តម លោកជំទាវ​អភិបាលរងខេត្ត នឹងកងកម្លាំងប្រដាប់អាវុធទាំង៣​មន្ទីរអង្គភាពជុំវិញ​សាលាខេត្តនិង​មន្ត្រីសាខា​កាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅ ចែក​ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង នៅភូមិអំពៅព្រៃឃុំកណ្ដោក ស្រុក​កណ្ដាល​ស្ទឹង ខេត្តកណ្ដាល។
មានមតិសំណេះសំណាលទៅកាន់ប្រជាពលរដ្ឋ ឯកឧត្តម គង់ សោភ័ណ្ឌ បានពាំនាំមកនូវ​ការ​ផ្តាំ​ផ្ញើ​សាកសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ​ក្រហម​កម្ពុជា ដោយក្តីអាណិតអាសូរនិងនឹករលឹកបំផុត។ ឯកឧត្ដម បានបន្តទៀតថា កាកបាទ​ក្រហមកម្ពុជា  ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ជាប្រធាន សម្ដេចតែងតែ​យកចិត្តទុក្ខដាក់គិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅគ្រប់ពេលវេលាថែមទាំងបានណែនាំជាប្រចាំដល់មន្រ្តីកាកបាទក្រហមនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវចុះពិនិត្យមើល​ពីជីវភាព​រស់នៅរបស់ប្រជាពលរដ្ឋព្រមទាំងសួរសុខទុក្ខដល់ចាស់ជរាឥតទីពឹង ជនទីទ័លក្រ ស្រី្តមេម៉ាយ​កូនច្រើន ហើយក្រីក្រ ដែលកំពុងរស់នៅជាមួយមេរោគអេដស៍ អ្នកជំងឺអេដស៍​នឹងអ្នកដែល​មាន​ជំងឺរ៉ាំរ៉ៃ ហើយមានជីវភាពទីទ័លក្រ កុមារកំព្រា ស្រី្តឆ្លងទន្លេ និងអ្នករងគ្រោះផ្សេងៗទៀត​ជាប្រចាំ​ដោយមិនប្រកាន់ពូជសាសន៍ សាសនាប្រពៃណីឬនិន្នាការនយោបាយឡើយ។ ក្នុងគោលបំណងជួយដោះស្រាយសម្រាលនូវការលំបាកចំពោះមុខឲ្យបានទាន់ពេលវេលា និង​មិន​ទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយសារការដាច់ស្បៀងអាហារនោះឡើយ ។
ឯកឧត្តមអភិបាលខេត្តក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ត្រូវថែរក្សាសុខភាព ដោយប្រកាន់​នូវការហូបស្អាត ផឹកស្អាត និងគេងឲ្យបានត្រឹមត្រូវ ជាងនេះទៅទៀត ត្រូវប្រុងប្រយ័ត្នដល់​ក្មេង​តូចៗ មិនត្រូវមានការធ្វេសប្រហែស បណ្ដែតបណ្ដោយឲ្យពួកគាត់នៅក្បែរទឹក ដែលអាចបង្កជា​គ្រោះថ្នាក់ដោយប្រការណាមួយ។ ពិសេសនៅពេលបងប្អូនធ្វើដំណើរ ឆ្លងទឹក ត្រូវមានការប្រុង​ប្រយ័ត្នខ្ពស់ ដោយមានត្រៀមសម្ភារៈសម្រាប់ជួយសង្គ្រោះ ដូចជាអាវពោង ដើម្បីបង្ការនូវគ្រោះ​ថ្នាក់ផងដែរ។
អំណោយដែលសាខា បានផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ ជិត ៣០០គ្រួសារ ក្នុងមួយគ្រួសារ​ទទួលបានអង្ករ ២៥គីឡូក្រាម មី១កេស ត្រីខកំប៉ុង១យួរ និងថវិកា ៥ម៉ឺនរៀល៕

អត្ថបទដែលជាប់ទាក់ទង