ជនបង្កដែលបើករថយន្តបំបុកម៉ូតូពីក្រោយនិងថយកិនបណ្តាលឲ្យបុរសឲ្យម្នាក់ស្លាប់ និងរបួសធ្ងន់ម្នាក់ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ
ជនបង្កដែលបើករថយន្តបំបុកម៉ូតូពីក្រោយបណ្តាលឲ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង ១៣:៣០នាទីរសៀលថ្ងៃនេះ ។
គួររំលឹកថា កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២៣និង៣០នាទីយប់ នៅចំណុចផ្លូវ១៧៣ ប្រសព្វផ្លូវ៣២៨ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តម៉ាក Lexus NX 200T ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BH-8494 ជាមួយម៉ូតូម៉ាក Honda C125 ពណ៍ខ្មៅ ពាក់ផ្លាកលេខ កណ្តាល 1AI-3848 ។
រថយន្ត Lexus 200T បានបើកបរតាមបណ្តោយផ្លូវ១៧៣ ទិសដៅពីជើងទៅត្បូង ដល់កន្លែងកើតហេតុបានបើកបំបុកម៉ូតូពីក្រោយ រួចបើកថយកិនបន្ថែមទៀត បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់នៅកន្លែងកើតហេតុ និងអ្នករួមដំណើររងរបួសធ្ងន់ ។
អ្នកបើកបររថយន្តបង្កមានឈ្មោះ យ៉ាន់ណា លីណា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរពេទ្យធ្មេញ (ឃាត់ខ្លួនបណ្តោះអាសន្ន) ស្នាក់នៅផ្ទះលេខ៥អឹម ក្រុមទី៤ ភូមិព្រៃព្រីងខាងត្បូងទី១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។
ភាភីម៉ូតូជាជនរងគ្រោះបើកបរដោយឈ្មោះ ខុន តុង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្លូវបេតុង ភូមិ១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ (ស្លាប់) និងអ្នករួមដំណើរឈ្មោះ ពៅ ម៉ត់ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបររត់កង់បី ស្នាក់នៅភូមិស្រះកែវ សង្កាត់ក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង ( របួសធ្ងន់ ) ៕