ប្រជាពលរដ្ឋជាង១ម៉ឺននាក់ នៅក្នុងរាជធានីភ្នំពេញ ទទួលរងគ្រោះដោយជំនន់ទឹកភ្លៀង អាជ្ញាធរបាននឹងកំពុងយកចិត្តទុកដាក់គ្រប់ពេល

ភ្នំពេញ៖ ប្រជាពលរដ្ឋប្រមាណជាង១ម៉ឺននាក់ហើយនៅក្នុងរាជធានីភ្នំពេញ ដែលបានទទួលរងគ្រោះដោយជំនន់ទឹកភ្លៀង ហើយប្រជាពលរដ្ឋទាំងនេះត្រូវបានអាជ្ញាធររាជធានីភ្នំពេញនិងកងកម្លាំងមានសមត្ថកិច្ចយកចិត្តទុកដាក់គ្រប់ពេល មិនថាការហូបចុក ការស្នាក់នៅនិងការធ្វើអនាម័យដើម្បីសុខភាពល្អប្រសើរនោះទេ។

នេះបើតាមការបញ្ជាក់របស់លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈដែលលោកនិងលោកស្រី អញ្ជើញចែកអំណោយរបស់សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋ រងគ្រោះនិងងាយរងគ្រោះដោយជំនន់ទឹកភ្លៀងមកពីស្ទឹងព្រែកត្នោតជិត១០០០គ្រួសារ នៅសង្កាត់រលួសខណ្ឌដង្កោនាព្រឹកថ្ងៃទី១៧ តុលានេះ។

លោកឃួង ស្រេង បានមាន ប្រសាសន៍ថា សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានយកចិត្តទុកដាក់ណាស់ចំពោះបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះនិងងាយរងគ្រោះ។សម្តេចបានបញ្ជាអោយសង្គ្រោះប្រជាពលរដ្ឋជាមុនសិន រឿងទ្រព្យសម្បត្តិចាំគិតក្រោយ ហើយអាជ្ញាធរកងកម្លាំងមានសមត្ថកិច្ច ត្រូវអ្នកការពារ ទ្រព្យសម្បត្តិទាំងនោះ ពោលគឺអ្នកដឹកចេញ បើមិនមានប័ណ្ណសំគាល់យានយន្តច្បាស់លាស់ទេ គេមិនអនុញ្ញាតអោយដឹកចេញឡើយ ។

លោកបន្តថា ប្រជាពលរដ្ឋជាង១ម៉ឺនគ្រួសារហើយដែរទទួលរងការលិចលង់នៅក្នុងរាជធានីភ្នំពេញ។ តែសម្រាប់ប្រជាពលរដ្ឋរងគ្រោះធ្ងន់និងមានទឹកជ្រៅជាងគេគឺប្រជាពលរដ្ឋនៅខណ្ឌដង្កោនេះឯង ។លោកក៏បានស្នើអោយបងប្អូនប្រជាពលរដ្ឋរងគ្រោះទាំងអស់បើមានបញ្ហាអ្វីមួយចង់អោយមានការជួយសង្គ្រោះ សូមទាក់ទងមកកាន់អាជ្ញាធរមូលដ្ឋាន ដើម្បីអោយអាជ្ញាធរយើងបានជួយសង្គ្រោះទាន់ពេលវេលា។
គួរបញ្ជាក់ថា អំណោយរបស់សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា ដែលចែកជូនប្រជាពលរដ្ឋ រងគ្រោះនិងងាយរងគ្រោះដោយជំនន់ទឹកភ្លៀងមកពីស្ទឹងព្រែកត្នោត នៅសង្កាត់រលួសខណ្ឌដង្កោនាព្រឹកថ្ងៃទី១៧ តុលានេះ មានចំនួន៨៦៣គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន៖ ឃីត១ ដែលមានទាំង (ភួយ មុង កន្ទេល ខ្នើយ )អង្ករចំនួន ២៥គីឡូក្រាម មី១កេស ទឹបបរិសុទ្ធ១កេសទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកាចំនួន៥ម៉ឺនរៀល៕







