សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ចំនួន ៣ ៣៨៤គ្រួសារ នៅខណ្ឌដង្កោ

ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យទី១៨ ខែតុលា ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅខណ្ឌដង្កោ រាជធានីភ្នំពេញចំនួន ៣ ៣៨៤គ្រួសារ ដែលពិធីនេះបានប្រព្រឹត្តទៅនៅជាប់ខ្លោងទ្វាវត្តរតនតេជៈ ហៅវត្តកំពង់ក្តុល សង្កាត់សាក់សំពៅ រាជធានីភ្នំពេញ។

តាមរបាយការណ៍របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា សម្រាប់ប្រជាពលរដ្ឋនៅក្នុងខណ្ឌដង្កោនេះ មានភូមិចំនួន៤២ និងសង្កាត់ចំនួន១១ ដោយមានផ្ទះចំនួន៤,៩៦៥ខ្នង ជន់លិច និងពលរដ្ឋចំនួន៥,៥៨៧គ្រួសារ (ស្មើនឹង ២៣ ៥២០នាក់) រងគ្រោះដោយសារទឹកជំនន់នេះ។ ក្នុងចំណោមពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខណ្ឌដង្កោទាំង ៥ ៥៨៧គ្រួសារនេះ គឺបានចែកជូនរួចរាល់ចំនួន ២ ២០៣គ្រួសារ និងនៅសល់ ៣ ៣៨៤គ្រួសារ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញចុះចែកជូនដោយផ្ទាល់នៅព្រឹកនេះ។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសំដែងនូវក្តីរីករាយដែលបានអញ្ជើញមកជួបបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់នៅពេលនេះដោយផ្ទាល់ ហើយក៏រួមសុខរួមទុក្ខជាមួយបងប្អូនដែលកំពុងរងគ្រោះដោយសារទឹកជំនន់រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះផងដែរ។ សម្តេចបន្តទៀតថា ថ្ងៃនេះសម្ដេចអញ្ជើញមកក្នុងនាមតំណាង សម្ដេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពាំនាំនូវអំណោយរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីផង និងមានអំណោយរួមចំណែករបស់កាកបាទក្រហមកម្ពុជាផងដែរ។ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតបានមានប្រសាស៍ថា ទោះជាអំណោយនេះ តិចក្តី ច្រើនក្តី នេះគឺជាការចូលរួមចំណែកជួយគ្នាក្នុងគ្រាមានអាសន្នដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយគ្រោះទឹកជំនន់នេះ។ សម្ដេចក៏បានថ្លែងអំណរគុណផងដែរដល់បណ្ដាសប្បុរសជនទាំងឡាយដែលបានចូលរួមសប្បុរសធម៌ជាមួយនឹងរាជរដ្ឋាភិបាលក៏ដូចជាកាកបាទក្រហមកម្ពុជាកន្លងមក ក្នុងការជួយបងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយគ្រោះទឹកជំនន់នាពេលនេះ។

នៅក្នុងឱកាសនោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋត្រូវតែបន្តការយកចិត្តទុកដាក់ថែរក្សាសុខភាព ជាពិសេសរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលប្រទេសយើងមិនទាន់រួចផុតនៅឡើយ និងការពារសុវត្ថិភាពផ្ទាល់ខ្លួនក្នុងអំឡុងពេលដែលមានទឹកជំនន់នេះ ជាពិសេសកូនតូចៗ ជនចាស់ជរា ត្រូវថែរក្សាសុខភាពតាមរយៈការហូបស្អាត ផឹកស្អាតការរស់នៅមានអនាម័យជាពិសេសពេលដែលទឹកស្រកទៅនោះ។

អំណោយសម្តេចតេជោ ហ៊ុន សែន ដែលប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ៣ ៣៨៤គ្រួសារ ក្នុងមួយគ្រួសារៗទទួលបានអង្ករ ២៥គីឡូក្រាម មី១កេស ទឹកត្រី៣ដប ទឹកស៊ីអ៉ីវ ៣ដប ទឹកបរិសុទ្ធ ១កេស ឃីត១ (មុង១ ភួយ១ ខ្នើយ១ កន្ទេល១) ថវិកា ៥ម៉ឺនរៀល។

ជាមួយគ្នានោះ កាកបាទក្រហមកម្ពុជា ក៏បានផ្ដល់អំណោយមនុស្សធម៌ ជូនដល់គ្រួសាររងគ្រោះដោយសារទឹកជំនន់នេះផងដែរ ដោយក្នុងមួយគ្រួសារៗ ទទួលបាន មី១កេស ត្រីខ ១យួរ(១០កំប៉ុង) ទឹកបរិសុទ្ធ ១កេស។ ចំណែកសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ទទួលបាន ១០០លានរៀលផងដែរ៕









