Detail Top Banner

ឯកឧត្តម នេត្រ ភក្ត្រា សង្កត់ធ្ងន់ថា កត្តាផ្សេងៗដែលជំរុញឱ្យមានបទល្មើស រួមមានកត្ដាជីវភាពរបស់ប្រជា​សហគម​ន៍ ធ្លាប់តែពឹងអាស្រ័យទៅលើផល អនុផលព្រៃឈើ ការទាក់​ទាញ និងញុះញង់ពីសំណាក់ក្រុមឈ្មួញទុច្ចរិត គួបផ្សំុជាមួយមន្រ្ដីឧទ្យានុរក្សដែលបានឈរជើងនៅក្នុងតំបន់មួយចំនួននៅមានកម្រិត

មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន រួមនិងសមាជិកនៃសហគមន៍តំបន់ការពារធម្មជាតិបង្កើតឡើងដោយស្របច្បាប់ និងទទួលស្គាល់ដោយក្រសួងបរិស្ថាន បានបន្តកិច្ចសហការគ្នាក្នុងការចុះល្បាតទប់ស្កាត់ និងបង្ក្រាបបទល្មើសនិងការពារនិងអភិរក្សធនធានធម្មជាតិនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់។
ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២០ គឺពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សនិងសហគមន៍តំបន់ការពារធម្មជាតិបានចុះល្បាតបានចំនួន ១៨២៣លើក ដែលក្នុងប្រតិបត្តិការចុះល្បាតនោះ បទល្មើសធនធានធម្មជាតិចំនួន ៩៥៤ករណី ត្រូវបានបង្ក្រាប ហើយបានកសាង និងបញ្ជូនសំណុំរឿងចំនួន ៤០ករណី ទៅតុលាការធ្វើការអប់រំនិងចុះកិច្ចសន្យាបញ្ឈប់សកម្មភាពចំនួន ៤២០ករណី និងពិន័យអន្តរការណ៍ ៤១ករណី។
នេះបើតាមការថ្លែងឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ដោយសង្កត់ធ្ងន់ថា បទល្មើសនៅតំបន់មួយចំនួន មានការថយចុះ ដោយសារ​តែ​មានកិច្ចសហការស្អិតរមួតជាមួយសហគមន៍តំបន់ការពារធម្មជាតិ ការបង្កើតស្នាក់ការល្បាតចល័ត ការរៀបចំផែនការល្បាតបានល្អិតល្អន់ និងមានការចូលរួមពីអាជ្ញាធរពាក់ព័ន្ធ។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានថ្លែងឱ្យដឹងថា នៅក្នុងរយៈពេល ៩ខែនេះ មន្ត្រីឧទ្យានុរក្សបានបង្ក្រាបបទល្មើស និង​រឹបអូសរណាយន្តបានចំនួន ៤៣៣គ្រឿង រថយន្ត ៩គ្រឿង គោយន្តចំនួន ១០៦គ្រឿង និងម៉ូតូ ៤៦គ្រឿង រឹបអូសឈើចំនួន ៣០៣ម៉ែត្រគូប ដោះ​អន្ទាក់​បានចំនួន ១៦៧៧អន្ទាក់ ដកហូតនិងរឹបអូសកាំភ្លើងកែច្នៃបានចំនួន ១០៣ដើម។
រដ្ឋលេខាធិការក្រសួងបរិស្ថានឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា នេះគឺជាកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីឧទ្យានុរក្ស និងសហគមន៍នៃតំបន់ការពារធម្មជាតិ ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិក្នុងតំបន់ព្រៃឡង់ឱ្យបានគង់វង្ស សម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។ V ជាមួយគ្នានេះ រដ្ឋលេខាធិការក្រសួងបរិស្ថាន ក៏បានលើកឡើងថា ទោះបីជាមានការចុះទប់ស្កាត់ និងបង្ក្រាបទាំងយប់ទាំងថ្ងៃពីសំណាក់មន្ត្រីឧទ្យានុរក្ស និងសមាជិកនៃសហគមន៍តំបន់ការពារធម្មជាតិក៏ដោយ បទល្មើសធនធានធម្មជាតិទ្រង់ទ្រាយតូចដូចជាការលបលួចកាប់ឈើ ការទន្ទ្រានរានយកដី ធ្វើជាកម្មសិទ្ធិ ការបរបាញ់និងការដាក់អន្ទាក់សត្វព្រៃ នៅតែបន្ដកើតមាននៅក្នុងតំបន់ព្រៃឡង់ដែលចាំបាច់ត្រូវចាត់វិធានការទប់ស្កាត់និងបង្ក្រាបបន្តទៀត។
ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា មានកត្តាផ្សេងៗដែលជំរុញឱ្យមានបទល្មើសទាំងនេះ ក្នុងនោះរួមមានកត្ដាជីវភាពរបស់ប្រជា​សហគម​ន៍ ដែលធ្លាប់តែពឹងអាស្រ័យទៅលើផល អនុផលព្រៃឈើ និងការទាក់​ទាញ និងញុះញង់ពីសំណាក់ក្រុមឈ្មួញទុច្ចរិត គួបផ្សំុជាមួយមន្រ្ដីឧទ្យានុរក្សដែលបានឈរជើងនៅក្នុងតំបន់នោះនៅមានកម្រិតនៅឡើយ ។ទោះជាយ៉ាងណា ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា កម្លាំងមានសមត្ថកិច្ចនៃរាជរដ្ឋាភិបាលកម្ពុជា មានការតាំងចិត្តខ្ពស់ក្នុងការទប់ស្កាត់និងបង្ក្រាបយ៉ាងហ្មឺងម៉ាត់ប្រឆាំងនឹងបទល្មើសធនធាន​ធម្មជាតិ ដែលកើតឡើងស្របតាមច្បាប់នានា។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា ក៏បានលើកឡើងផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថាន និងដៃគូអភិវឌ្ឍបាន​យកចិត្ដទុកដាក់ខ្ពស់លើការរៀបចំ និងពង្រឹងយន្ដការគ្រប់គ្រង ការផ្ដល់មធ្យោបាយ ឧបករណ៍ សម្ភារៈ ក៏ដូចជាការជួយលើកស្ទួយជីវភាពរបស់ប្រជាសហគមន៍មូលដ្ឋានបន្ថែមទៀតតាមរយៈការបង្កើតមុខរបរថ្មី បង្កើតសេដ្ឋកិច្ចនៅមូលដ្ឋាន បង្កើនចំណូលការជំរុញទេសចរណ៍ធម្មជាតិជាដើម ដើម្បីធានា ប្រសិទ្ធភាពនៃការងារគ្រប់គ្រង ការពារ និងអភិរក្សតំបន់ព្រៃឡង់។
បច្ចុប្បន្ននេះ ក្រសួងបរិស្ថានបាននិងកំពុងសហការអនុវត្តគម្រោង ការពារនិងអភិរក្សតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ជាមួយគម្រោងព្រៃឡង់បៃតង គាំទ្រថវិកាដោយ USAID របស់សហរដ្ឋអាមេរិកសម្រាប់រយៈពេល ៥ឆ្នាំ (២០១៨-២០២៣) ក្នុងទំហំទឹកប្រាក់ ២១លានដុល្លារ។
ឯកឧត្តម បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍កំពុងអនុវត្តផែនការសកម្មភាពនានាដើម្បីធ្វើឲ្យប្រសើរឡើងនូវការអភិរក្សជីវៈចម្រុះ និងស្ថានភាពប្រព័ន្ធអេកូឡូស៊ីនៅក្នុងដែនជម្រកសត្វព្រៃ “ព្រៃឡង់” ព្រមទាំងបង្កើតឱ្យមាននិរន្តរភាព និងសមធម៌នៃកាលានុវត្តភាព ផ្នែកសេដ្ឋកិច្ច ជីវភាពសហគមន៍ និងទុនធម្មជាតិសម្រាប់ការវិនិយោគឡើងវិញ នៅក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់» និងតំបន់កាពារធម្មជាតិ ជុំវិញតំបន់ព្រៃឡង់។
គម្រោងនេះ មានកិច្ចសហការជាមួយក្រសួងបរិស្ថាន ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ ដើម្បីពង្រឹងការការពារ អភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ ផ្តោតលើការងារកំណត់ និងបែងចែកតំបន់គ្រប់គ្រង ការបោះ​បង្គោលព្រំប្រទល់ ការរៀបចំផែនការគ្រប់គ្រង និងការចុះបញ្ជីដីរដ្ឋ នៅដែនជម្រកសត្វព្រៃ «ព្រៃឡង់» និងតំបន់ការពារធម្មជាតិមួយចំនួនជុំវិញតំបន់ព្រៃឡង់ បណ្តុះបណ្តាល និងពង្រឹងសមត្ថភាព មន្ត្រីឧទ្យានុរក្ស ក៏ដូចជាលើកកម្ពស់ជីវភាពប្រជាសហគមន៍ អភិរក្សប្រពៃណីជនជាតិដើមភាគតិច៕
អត្ថបទដែលជាប់ទាក់ទង