សម្តេចអគ្គមហាពញាចក្រី ហេង សំរិនប្រគល់អំណោយ អង្ករ មី ទឹកសុទ្ធនិងសម្ភារៈផ្សេងទៀតដល់តំណាងរាស្រ្តយកចែកជូនពលរដ្ឋរងគ្រោះធម្មជាតិជំនន់ទឹកភ្លៀង

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានប្រគល់ជូនអំណោយរបស់សម្តេច និង សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ព្រមទំាងបានពីការចូលរួមរបស់សប្បុរសជនផ្សេងៗ មានដូចជា អង្ករចំនួន ២០០តោន មីចំនួន ២៨០៨កេស ទឹកសុទ្ធចំនួន ១ ៤០០កេស និងត្រីខចំនួន ១០០កេស ដល់តំណាងរាស្រ្តដើម្បីយកទៅចែកជូនដល់ពលរដ្ឋដែលរងគ្រោះធម្មជាតិជំនន់ទឹកកភ្លៀង តាមខេត្តមួយចំនួនមានរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តពោធិសាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន ជាដើមនោះ។
ក្នុងពិធីប្រគល់អំណោយ នៅឯគេហដ្ឋានសម្តេច ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាពញចក្រី ហេង សំរិន បានសម្តែងការសោកស្តាយចំពោះបងប្អូនប្រជាពលរដ្ឋដែលបានបាត់បងអាយុជីវិត ខូចខាតផ្ទះសម្បែង និងទ្រព្យសម្បត្តិ ដោយសារគ្រោះធម្មជាតិជំនន់ទឹកភ្លៀងនេះ និងបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារជនរងគ្រោះ ដែលបាត់បង់អាយុជីវិតនៅក្នុងគ្រោះធម្មជាតិនេះ។
ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានកោតសរសើរដល់តំណាងរាស្រ្តទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់សហការជាមួយកងកម្លាំងប្រដាប់គ្រប់លំដាប់ថ្នាក់ អាជ្ញាធរមានសមត្ថកិច្ច និងមន្រ្តីជំនាញពាក់ព័ន្ធដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា នាពេលកន្លងមក និងបានលើកទឹកចិត្តឱ្យបន្តកិច្ចការនេះទៀត រហូតដល់ស្ថានភាពអាកាសធាតុល្អប្រសើរឡើងវិញ ហើយពលរដ្ឋបានវិលត្រលប់ទៅកាន់លំនៅដ្ឋាន ផ្ទះសម្បែង ដោយសុវត្ថិភាព។
ក្នុងនាមរដ្ឋសភា និងខ្លួនសម្តេចផ្ទាល់ សម្តេចបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ដែលបានឧបត្ថម្ភដល់រាជរដ្ឋាភិបាល ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយទឹកជំនន់។
សម្តេចបានលើកឡើងថាកាយវិការដ៏ប្រពៃនេះ បង្ហាញពីវប្បធម៌ចែករំលែក សាមគ្គីភាព និងការរួបរួមគ្នារបស់ប្រជាពលរដ្ឋ ដែលជានិច្ចកាលតែងតែជួយគ្នាទៅវិញទៅមកនៅគ្រប់កាលៈទេសៈលំបាក គ្រោះអាសន្ន ដូចជាការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ ជាដើម។
ដោយសារកម្ពុជាអាចប្រឈមនឹងព្យុះ បង្កឲ្យមានភ្ញៀវធ្លាក់បន្ថែមទៀតនៅតំបន់មួយចំនួន រហូតដល់ ថ្ងៃទី២១ ខែតុលាខាងមុខនោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកទឹកចិត្តដល់តំណាងរាស្រ្ត កងកម្លំាងប្រដាប់អាវុធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមនឹងប្រជាពលរដ្ឋ បន្តសកម្មភាពការពារ អន្តរាគមន៍ និងប្រុងប្រយ័ត្នបន្ថែមទៀត ដើម្បីបញ្ចៀសគ្រោះថ្នាក់ធ្ងន់ធ្ងរ ពីគ្រោះធម្មជាតិនេះ។
សម្តេចបានលើកចិត្តដល់កងកម្លាំងគ្រប់លំដាប់ថ្នាក់ ស្ថាប័នជំនាញគ្រប់ជាន់ថ្នាក់បន្តយកចិត្តទុកដាក់ចំពោះសុវត្ថិភាព ទ្រព្យសម្បត្តិ និងសុខភាពប្រជាពលរដ្ឋ កំពុងស្នាក់នៅទីទួលសុវត្ថិភាពជាបណ្តោះអាសន្ន៕
អត្ថបទដែលជាប់ទាក់ទង