ក្រសួងធនធានទឹកលើកឡើងថា កម្ពស់ទឹកស្ទឹងព្រែកត្នោតបន្តស្រកចុះ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានលើកឡើងថា កម្ពស់ទឹកស្ទឹងព្រែកត្នោតនៅព្រឹកថ្ងៃ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ បន្តស្រកចុះ ០,១០ម៉ែត្រ ធៀបនឹងពេលល្ងាច ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០។
បើតាមក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា ស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោត នៅសំណង់ទ្វារទឹកទំនប់អាង៧មករា នាវេលាម៉ោង ៧:៣០នាទីព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ កម្ពស់ទឹក ចាប់ផ្ដើមស្រកចុះជាបណ្ដើរៗ ដោយខាងមុខទ្វារ ៥,៤០ម៉ែត្រ ស្រកចុះ ១,២៧ម៉ែត្រ ធៀបនឹងកម្ពស់ទឹក អតិបរិមា ៦,៦៧ម៉ែត្រ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។ កម្ពស់ទឹកហូរលើទំនប់បង្ហៀរ០,៦០ម៉ែត្រ។កម្ពស់ទឹកខាងក្រោយទ្វារ ៨,២០ម៉ែត្រ។ ជំនន់ទឹកភ្លៀងក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ បានធ្វើឱ្យប៉ះពាល់ដល់ប្រជាជនប្រមាណ ៦១ ៣៥៧គ្រួសារស្មើនឹង២៤៥ ៤២៨នាក់ និងជម្លៀសប្រជាជនទៅរកទីទួលសុវត្ថិភាពប្រមាណ ៧ ៩៩៧គ្រួសារស្មើនឹង២៦ ៦០៨នាក់។ ផ្ទះប៉ះពាល់ប្រមាណ៥៩ ២៦៨ខ្នង ផ្ទះខូចខាត ៥៦ខ្នង សាលារៀនលិចទឹក ៤៥៩កន្លែង ស្រូវលិចទឹកប្រមាណ ១៦៩ ០៨១ហិកតា ដំណាំរួមផ្សំលិចទឹក៧៣ ២៩១ហិកតា វត្តអារាម៧៧ និងអគាមន្ទីរពេទ្យ ១២កន្លែង ។
ក្រៅពីនោះ ក៏ធ្វើឱ្យប៉ះពាល់ផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវក្រួសក្រហម ៣៤៤គីឡូម៉ែត្រ ផ្លូវលំជនបទ ១ ៤៥៩គីឡូម៉ែត្រ។ លិចស្ពាន ២៤កន្លែង ប៉ះពាល់ទំនប់ជាង ២២គីឡូម៉ែត្រ ប្រឡាយទឹកជាង ៣០០គីឡូម៉ែត្រ និងប៉ះពាល់ច្រាំងទន្លេ ៤១០ម៉ែត្រ។
គួរបញ្ជាក់ដែរថា ជំនន់ទឹកស្ទឹងព្រែកត្នោត បានប៉ះពាល់ដល់ផ្នែកខ្លះ នៃខេត្តកណ្ដាល និងខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងនោះ មានពលរដ្ឋជាច្រើនពាន់នាក់ ត្រូវបានជួយសង្រ្គោះទៅកាន់ទីទួលសុវត្ថិភាព៕




