គ្រឿងឧបភោគបរិភោគដែល មានទឹកប្រាក់សរុបជាង ១ម៉ឺនដុល្លារ ត្រូវបានសប្បុរសជនប្រគល់ជូនរដ្ឋបាលរាជធានីដើម្បីបន្តចែកជូនរងគ្រោះ និងជនងាយរងគ្រោះដោយទឹកជំនន់
អំណោយជាគ្រឿងឧបភោគបរិភោគមួយចំនួនដែលមានទឹកប្រាក់សរុបចំនួនជាង ១ម៉ឺនដុល្លារ ត្រូវបានសប្បុរសជននៅរាជធានីប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឲ្យរដ្ឋបាលរាជធានីបានចាត់ចែងបន្ត ជូនទៅបងប្អូនប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះដោយទឹកជំនន់នៅក្នុងរាជធានីភ្នំពេញ ខណៈដែលទឹកជំនន់បាននិងកំពុងជន់លិចលំនៅឋានរបស់ពួកគាត់នូវឡើយ។
ពិធីប្រគល់និងទទួលអំណោយ ខាងលើនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងថា អំណោយដែលបានប្រគល់ជូនរដ្ឋបាលភ្នំពេញខាងលើនេះរួមមាន៖ មី ១៥០០កេស នំធុង ៧២០ប្រអប់ ដែលមានទឹកប្រាក់ស្មើនឹង ១១ ៩៦៤ដុល្លារ ។
ឯកឧត្តម ឃួង ស្រេង ក្នុងឱកាសនោះ ក៏បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជននានា ដែលតែងតែគិតគូរ និងរួមសុខរួមសុខ ទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះនៅក្នុងរាជធានីភ្នំពេញ ខណៈដែលទឹកជំនន់ទឹកភ្លៀងបាននិងកំពុងជន់លិច លំនៅឋានរបស់ពួកគាត់ដែលមកដល់ពេលនេះ សម្រាប់ប្រជាពលរដ្ឋនៅភ្នំពេញមានប្រមាណជាង ១ម៉ឺនគ្រួសារហើយ ដែលទទួលរងនូវការលិចលង់ដោយជំនន់ទឹកភ្លៀង ពិសេស នៅក្នុងខណ្ឌដង្កោ ខណ្ឌពោធិសែនជ័យ និងខណ្ឌកំបូល។
ឯកឧត្តម ឃួងស្រេង ក៏បានបញ្ជាក់ច្បាស់ផងដែរថា រាល់អំណោយរបស់សប្បុរសជនដែលប្រគល់ជូនមករដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តយកទៅបែងចែកជូនដល់ដៃប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះដោយផ្ទាល់និងពិតប្រាកដ ៕